រដ្ឋមន្រ្តីក្រសួងសុខាភិបាល÷ សូមបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នខ្ពស់ការពារជំងឺទឹកនោមផ្អែម
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួនដល់អង្គសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា
ដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាអ្នកជំងឺទឹកនោមផ្អែម ដូចខាងក្រោម៖
១) សូមឱ្យធ្វើការជ្រើសរើសទុកដាក់ទាំងវិទ្យាសាស្រ្ត វេជ្ជសាស្ត្រ ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល សម្រាប់ការពារ និងផ្សព្វផ្សាយការយល់ដឹង (Prevention and Publish Awareness) នៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍ ក្នុងការប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែមនេះ។
២) ការពង្រឹងការពារបឋម (Early Detection) ដោយធ្វើការពិនិត្យ និងតាមដានជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាលទាំងឯកជន និងរដ្ឋ។
៣) ការធ្វើឱ្យប្រសើរឡើងនូវការថែទាំ ដោយតាមរយៈវិធានគន្លឹះដូចជា ការលើកកម្ពស់ ការណែនាំព្យាបាល និងថែទាំជំងឺទឹកនោមផ្អែម និងលើសសម្ពោធឈាម។
៤) ការរួមបញ្ចូលបច្ចេកវិទ្យា (Integrating technology) នៅកិច្ចការនៃជំងឺទឹកនោមផ្អែមនេះ ដូចជាការតាមដានប្រព័ន្ធឌីជីថល (Digital Tracking Platforms) ក្នុងការតាមដានដល់អ្នកជំងឺទឹកនោមផ្អែមនេះ បាននៅទូទាំងប្រទេស (ឯកជន និងរដ្ឋ)។
៥) សូមឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់ការគាំទ្រ ស្រាវជ្រាវ ពិភាក្សានិងផ្នែកអន្តរជំនាញ ក្នុងការការពារជំងឺទឹកនោម។
៦) គាំទ្រគ្រប់កិច្ចការទាំងឡាយ ដែលមាននៅក្នុងសហគមន៍ទាំងជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺទាំងឡាយ រួមទាំងចិត្តសាស្ត្រផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា សន្និសីទនាពេលនេះ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹង សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗ និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន និងអាចចាប់យកឱកាស និងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព មានទំនួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈ។
កាលដែល ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឈាង រ៉ា បានមាន
ប្រសាសន៍ បែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមន៍បច្ចេកវិទ្យាជំងឺទឹកនោមផ្អែម នៅក្នុងរាជធានីភ្នំពេញ និងនៅកម្ពុជា សូមបន្តកិច្ចសហការ និងគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍអប់រំ ការបណ្តុះបណ្តាលនៅក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រគ្រប់សមាគមន៍ទាំងឡាយ ដែលមានអ្នកជំនាញ ពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន ដោយត្រូវអញ្ជើញចូលរួម ដើម្បីជាការផ្តល់តម្លៃដល់ស្ថាប័ន និងការឈានដល់ការចែករំលែកនូវបទពិសោធន៍ដល់អង្គពិធីផងដែរ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិកសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំជំនាញ ត្រូវដកស្រង់បទពិសោធន៍ជាមួយប្រទេសដែលមានការរៀបចំបានល្អ នូវស្តង់ដានៃរបបអាហារសម្រាប់រៀបចំជាសារអប់រំសុខភាព ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីស្តង់ដារបបអាហារប្រចាំថ្ងៃដែលគួរបរិភោគ ដើម្បីកាត់បន្ថយការកើតឡើងនូវជំងឺមិនឆ្លង។
ក្នុងពិធីនេះដែររៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល ១ថ្ងៃពេញ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ជាក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេស សឹង្ហបុរី ឥណ្ឌា និងស្រីលង្កា។