រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យសមិទ្ធិផលមានភាពប្រសើរឡើង»

រាជធានីភ្នំពេញ៖ ថ្លែងបន្ថែមទៀតនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ក៏បានរំលឹកមេរៀន “ការគ្រប់គ្រងលើការបំពេញការងាររបស់មន្រ្តី-បុគ្គលិក Managing Staff Performance។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់គ្រប់គ្រងសមិទ្ធផលការងាររបស់បុគ្គលិកតាមអង្គភាព រួមមាន៖ (១)ត្រូវពិនិត្យមើលសមត្ថភាព និងឥរិយាបថក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ (២)ត្រូវបញ្ជ្រាបគោលគំនិតកំណែទម្រង់ទៅក្នុងការងារ ដើម្បីឱ្យសមិទ្ធិផលមានភាពប្រសើរឡើង (៣)ធ្វើការវាស់វែងសមិទ្ធផលការងាររបស់បុគ្គលិកជាប្រចាំ (៤)រៀបចំឱ្យមានយន្តការប្រាស្រ័យទាក់ទង និងការផ្តល់ព័ត៌មានត្រឡប់រវាងបុគ្គលិកនិងថ្នាក់ដឹកនាំ (៥)បណ្តុះបណ្តាលឱ្យបុគ្គលិកចេះធ្វើនវានុវត្តន៍ការងារប្រចាំថ្ងៃ (៦)បង្កើតទម្លាប់ធ្វើការដែលផ្តោតលើការទទួលបានលទ្ធផលល្អ (៧)កំណត់គោលដៅដែលមានភាពសមស្របសម្រាប់បុគ្គលិកអាចឈានទៅសម្រេចបាន និង (៨)មានយុទ្ធសាស្រ្តសម្រាប់បង្កើនសមត្ថភាពបុគ្គលិកបន្ថែម។

ការគូសបញ្ជាក់ខ្លឹមសារដ៏មានសារៈសំខាន់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលខាងលើនោះក្នុងពេលដែលឯកឧត្តមធ្វើបទបាឋកថា  ក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៨៦នាក់ កាលពីរសៀលថ្ងៃទី១៥ ខែមករាឆ្នាំ២០២៥ មុននោះ។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលទាំងអស់នាដើមឆ្នាំ ២០២៥ ហើយក៏បានធ្វើការណែនាំពីការប្រើប្រាស់ពេលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ចអោយកាន់តែបានច្រើន។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលទាំងអស់ អំពីការប្រើប្រាស់ អាំងស៉ីញក្រសួងសុខាភិបាល (Logo) ដែលបានចែកជូន ក៏ដូចជាអត្ថន័យនៃការប្រើប្រាស់សញ្ញានេះ តំណាងឱ្យសេចក្តីស្រឡាញ់ពីស្ថាប័នជូនដល់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ហើយបានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រើប្រាស់ស្លាកសញ្ញានេះ ដើម្បីបង្ហាញពីមនសិការវិជ្ជាជីវៈសុខាភិបាល។

ក្នុងសប្តាហ៍នេះដែរ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង និងការកែលម្អគុណភាព នៃការផ្តល់សេវារបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕