រដ្ឋមន្រ្តីសុខាភិបាល៖ មន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ មាននាទីទទួលខុសត្រូវកាន់តែខ្ពស់ ឆ្លើយតបកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស» 

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាយក នាយករង ប្រធានការិយាល័យ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ចំនួន ៨២រូប និងជំនួយការនាយសាល រហូតដល់ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យកាល់ម៉ែត ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom ចំនួន ៤៣៤នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការបម្រើសេវាព្យាបាលជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅនឹងកន្លែងអោយបានគ្រប់ជ្រុងជ្រោយដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលខុសត្រូវពីដើមដល់ចប់លើការបញ្ជូនអ្នកជំងឺពីមូលដ្ឋានឯកជន មកសាធារណៈ និងការខិតខំព្យាបាលអ្នកជំងឺដោយប្រើអស់សមត្ថភាពនៅហ្នឹងកន្លែងនីមួយៗ។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងជាអនុសាសន៍គន្លឹះៗ ដល់ថ្នាកដឹកនាំមន្ទីរពេទ្យជាតិ ដោយត្រូវអនុវត្តឱ្យបានកាន់តែប្រសើរ និងកាន់តែល្អបំផុត ក្នុងនាមជាអ្នកដឹកនាំ គឺត្រូវតែជាគំរូលើគ្រប់ទិដ្ឋភាព ទាំងការដឹកនាំលើស្មារតី បច្ចេកទេស រដ្ឋបាល និងគ្រប់គ្រងទូទៅជារួម។ ដើម្បីកាន់តែធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពជាអ្នកដឹកនាំ អ្នកដឹកនាំមិនត្រូវលាយឡំបុគ្គលភាព ជាមួយភាពជាអ្នកដឹកនាំទទួលខុសត្រូវចំពោះមុខអង្គភាពនោះទេ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿជាក់លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវ សុចរិតភាពពីបេះដូង លើការងារដឹកនាំ លើការសម្រេចចិត្ត កិច្ចការទំនាក់ទំនងគ្នាដោយការគោរព សំដៅលទ្ធផលពិតប្រាកដ ដែលជាប្រយោជន៏រួម ប្រយោជន៏សាធារណៈ ដែលនោះកាន់តែពង្រឹងទំនុកចិត្ត និងស្មារតីប្រកបដោយគុណធម៌ មេត្តា ករុណា ដល់គ្រប់ៗគ្នានៃអង្គភាពទាំងអស់ក្នុងវិស័យសុខាភិបាល៕