រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានលើក ឡើងថា៖ កំណែទម្រង់ គឺសំដៅគុណភាពសេវាសុខាភិបាល កាន់តែប្រសើរ
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើបាឋកថាលើប្រធានបទ “ការប្រើប្រាស់កំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឱ្យទទួលបានជោគជ័យ” ដោយបានបង្ហាញពីប្រភេទនៃការធ្វើកំណែរទម្រង់ ព្រមទាំងសារៈសំខាន់ និងភាពចំាបាច់របស់មូលដ្ឋានសុខាភិបាលទាំងអស់ ដែលត្រូវធ្វើ “កំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំណែទម្រង់ដែលត្រូវធ្វើបន្ទាន់” សំដៅបង្កើនប្រសិទ្ធភាពនៃសេវារបស់ខ្លួន ហើយដើម្បីធ្វើការកែទម្រង់ឱ្យទទួលបានជោគជ័យ អ្នកដឹកនាំត្រូវការចំនុចគន្លឹះចំនួន៤គឺ (១)មានការប្តេជ្ញាចិត្ត (២)មានសមត្ថភាពក្នុងការដឹកនាំការងារ (៣)មានភាពឈ្លាសវៃ និង (៤) មានឆន្ទះ និងភាពម្ចាស់ការខ្ពស់។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ធ្វើការពិចារណាលើទស្សនៈ ដែលថា កំណែទម្រង់ គឺជាដំណើរការ (a process) មិនមែនជាព្រឹត្តិការណ៍ទេ (not an event) ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៅលើ
ប្រធាបទនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ការចំណាប់អារម្មណ៍ពីការយល់ដឹងនៃការសិក្សាស្វែងយល់ពីភាពជាដឹកនាំ ដើម្បីបានទទួលព័ត៌មានត្រឡប់ពីវគ្គសិក្សានាពេលកន្លងមក ក៏ដូចជាការប្រមូលធាតុចូលសម្រាប់រៀបចំវគ្គនេះនាពេលអនាគត។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាខាងលើនោះក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៥៥នាក់ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះក៍មានបទបង្ហាញដើម្បីកាត់បន្ថយរយៈពេលរង់ចាំរបស់អ្នកជំងឺទទួលសេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង៕