រដ្ឋមន្រ្តី សុខាភិបាលបានលើកឡើងថា “ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ប្រជាពលរដ្ឋ”
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ថ្លែងបែបនេះ នៅក្នុងខណៈឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាព និងបូកសរុបការងារ សមិទ្ធផលការងារ និងលើកទិសដៅការងារបន្ត កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ហើយក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីសមិទ្ធផលនានាដែលក្រសួងសុខាភិបាល សម្រេចបានសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ និងសំដែងនូវការកោតសរសើរ ចំពោះសមិទ្ធផលដែលសម្រេចបាននេះ ដែលពិតជាឆ្លុះបញ្ចំងពីកិច្ចខិតខំប្រឹងប្រែង សហការគ្នា សាមគ្គីភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់កម្រិត។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូន ឯកឧត្តមអគ្គនាយកបច្ចេកទេសុខាភិបាល ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គាធិការ នៃក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង រាយការណ៍អំពីវឌ្ឍនភាពការងាររបស់សុខាភិបាល ដែលកិច្ចការងារបានអនុវត្តកន្លងមកដែលកំពុងអនុវត្ត និងដោះស្រាយនូវបញ្ហាប្រឈមនានា សម្រាប់លើកទិសដៅឆ្នាំបន្ទាប់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំណុចសំខាន់ៗ ក្នុងការទិសដៅការងារអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ ១) នវានុវត្តន៍ប្រព័ន្ធសុខភាពឌីជីថល (Digital Health) ២) គោលដៅទប់ស្កាត់នៃជំងឺគ្រុនឈាម ៣) ពង្រឹងបន្ថែមទៀតទៅលើការងារអធិការកិច្ច ៤) ពង្រឹងទៅជំងឺមិនឆ្លង ៥) ការត្រៀមក្នុងទប់ស្កាត់ និងឆ្លើយតបនឹងជំងឺឆ្លងនានា និង ៦)ផ្តោតទៅលើជំងឺមហារីក ដែលបង្កើនភាពបុរេសកម្មបន្ថែមទៀតក្នុងវិស័យសុខាភិបាល ព្រមទាំងជួយជំរុញការអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យសុខាភិបាល ជាវិស័យអាទិភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕