រដ្ឋមន្រ្តី សុខាភិបាល៖ «ការធ្វើផែនការគឺជាដំណើរការរៀបចំជាអចិន្រ្តៃយ៍សំដៅធ្វេីឱ្យប្រសេីរឡេីង ការប្រើប្រាស់ធនធានទាំងឡាយឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីសម្រេចគោលដៅសុខភាពសាធារណៈ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ»
រដ្ឋមន្រ្តី សុខាភិបាល៖ «ការធ្វើផែនការគឺជាដំណើរការរៀបចំជាអចិន្រ្តៃយ៍សំដៅធ្វេីឱ្យប្រសេីរឡេីង ការប្រើប្រាស់ធនធានទាំងឡាយឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីសម្រេចគោលដៅសុខភាពសាធារណៈ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ»
==========
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបានកំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ប្រកបដោយសមធម៌”» ។
ក្នុងពិធីនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ឱកាសជូន មន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍អនុវត្តការងារកន្លងមក។
បន្ទាប់ពីស្ដាប់មតិលើកឡើង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋាន៖
១) ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន។
២) ត្រូវពង្រឹងកិច្ចសហការ និងសម្របសម្រួលការងារជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកាផ្តោតលើផែនការសកម្មភាពជាអាទិភាព។
៣) ត្រូវគ្រប់គ្រងទិន្នន័យសុខាភិបាលមានគុណភាព ការសិក្សាវាយតម្លៃ វិភាគទិន្នន័យច្បាស់លាស់ មុនរៀបចំគោលនយោបាយ ផែនការ ជាពិសេសផ្តោតលើអត្ថប្រយោជន៍ របស់ប្រជាជនគោលដៅ ដែលសង្កត់ធ្ងន់លើការពង្រីកការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។
៤) ត្រូវយកចិត្តទុកដាក់លើការកែទម្រង់ជាយុទ្ធសាស្រ្ត ក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគីប្រតិបត្តិពាក់ព័ន្ធ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារ ជាពិសេសត្រូវរៀបចំក្របខណ្ឌសូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃ គ្រប់សកម្មភាពការងាររបស់អង្គភាព ពាក់ព័ន្ធ។
ការថ្លែងខាងលើរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនោះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល ដែលពីធីនេះប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដែលបានខិតខំបំពេញការងារបានល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ទាំងអស់ ទទួលនូវជោគជ័យក្នុងការបំពេញភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕