រដ្ឋមន្រ្តី សុខាភិបាល «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម»
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល
បានមានប្រសាសន៍បែបនេះនៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន៖
– ពង្រឹងប្រសិទ្ធភាពការងារទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម
– បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ
– ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត
– បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានាឱ្យបានទាន់ពេលវេលា
– ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍
– បង្កើនការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន
– ពង្រឹងការចេញសេចក្ដីជូនព័ត៌មានអំពីសុខភាពឱ្យបានទាន់ពេលវេលា
– ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី
– អភិវឌ្ឍផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់នាយកដ្ឋានរួចមក ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលតែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា៕