រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននិងប្រធានគណៈមេធាវីកម្ពុជាបើកសិក្ខាសាលាតម្រង់ទិសស្តីពី «ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជិតខាង» 

ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានសហការគ្នា បើកសិក្ខាសាលាតម្រង់ទិសស្តីពី «ព្រំដែននៃព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជិតខាង» នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រៀបចំនូវដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ) ដោយឥតគិតថ្លៃដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងន័យនេះដើម្បីជាទស្សនទានបន្ថែមជូនបងប្អូនសហភាតា ក្នុងការស្វែងយល់បន្ថែមយ៉ាងលម្អិតលើកិច្ចខំខិតប្រឹងប្រែងដ៏ខ្លាំងក្លា ប្រកបដោយឆន្ទៈមោះមុត ឥតរាថយរបស់រាជរដ្ឋាភិបាលកន្លងមក ក្នុងការរក្សាឱ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដើម្បីរៀបចំសិក្ខាសាលាតម្រង់ទិសនេះឡើង។

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមដោយផ្ទាល់ជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាតម្រង់ទិសផងដែរ។ នៅក្នុងសុន្ទរកថាគន្លឹះនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការបកស្រាយលម្អិតលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស ការប្រើប្រាស់ផែនទី ប្រភេទបង្គោលព្រំដែនក៏ដូចជានីតិវិធី គោលការណ៍អន្តរជាតិ និងឧត្តរមានុវត្តន៍អន្តរជាតិផ្សេងៗក្នុងការក្នុងការបោះបង្គោលព្រំដែនគោកជូនបងប្អូនសហភាតា។

ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់គណៈមេធាវី តាមរយៈការចូលរួមធ្វើជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ហើយឯកឧត្តមប្រធានក៏បានសម្តែងនូវអំណរគុណផងដែរជូនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងាររបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានផ្តល់កិច្ចសហការរៀបចំសិក្ខាសាលាតម្រង់ទិស និងដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម(ខេត្តត្បូងឃ្មុំ)។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន ក៏បានថ្លែង អំណរគុណផងដែរជូនចំពោះបងប្អូនសហភាតាទាំងអស់ដែលបានចូលរួមសិក្ខាសាលានាថ្ងៃនេះ និងចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែននាចុងសប្តាហ៍នេះផងដែរ៕