រដ្ឋសភារៀបចំប្រារព្ធពិធីសម្តែងរបាំត្រុដិ និងសូត្រមន្ត ត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្តែងរបាំត្រុដិ និងសូត្រមន្ត បង្សុកូល និងរាប់បាត្រ ប្រគេនទេយ្យទានដល់ព្រះសង្ឃ នាព្រឹកថ្ងៃច័ន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
មុននឹងឈានចូលដល់កម្មវិធី នាព្រឹកនេះដែរ ក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងសូមឆ្នាំថ្មី នាំមកនូវសិរីសួស្តី ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ រដ្ឋសភាផងដែរ។
របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។
ពាក្យ «ត្រុដិ» ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្តាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»។
យោងតាមសៀវភៅរបាំប្រជាប្រិយខ្មែរ តាមទំលាប់របស់អ្នកស្រុក ជួនកាលគេលេងរបាំនេះ នៅពេលប្រារព្ធពិធីសុំទឹកភ្លៀង ពេលដែលស្រុកទេសមានការរាំងភ្លៀងជាដើម។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិនេះ សេសសល់នៅជាមួយមនុស្សជាន់ដើមមួយពួក ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងអំពីដែនដីនេះ ពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងហៅថា “សំរែ” សព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប។ កាលពីជំនាន់បុរាណ វង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល។ នេះបើយោងតាមការបញ្ជាក់ក្នុងសៀវភៅរបាំប្រជាប្រិយខ្មែរ។
ជាកិច្ចបន្តសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកិច្ចទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបានយាង និងនិមន្ត សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្រ្តីសង្ឃ ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គលពីទេវតាឆ្នាំ្មថ្មី ។ ពិធីដ៏មង្គលនេះ បាន ប្រារព្ធធ្វើឡើងដោយមានការចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត្រអនុប្រធានទី២រដ្ឋសភា រួមនិងសមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន យ៉ាងច្រើនកុះករ អធិកអធម ដោយសទ្ធាជ្រះថ្លាជាទីបំផុត។
នៅក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត្រ អនុប្រធានទី២រដ្ឋសភា រួមនិងសមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន បានអញ្ជើញរាប់បាត និងបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ដែលបានធ្វេីមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែក ឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ។
នៅក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទំាងប្រទេស។
នៅចុងបញ្ចប់នៃកម្មវិធីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត្រ អនុប្រធានទី២រដ្ឋសភា រួមនិងសមាជិក សមាជិកា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហា និកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃព្រមទាំងព្រះមន្រ្តីសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេច ក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារនៃរដ្ឋសភាជាតិទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕