ដោយសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រដ្ឋាភិបាលនៃរដ្ឋឧត្តរប្រទេស (អ៊ូតារប៉្រាដេស)នៃប្រទេសឥណ្ឌាបានរៀបចំដំណើរទស្សនកិច្ចរយៈពេលពេលមួយសប្តាហ៍ សម្រាប់គណៈប្រតិភូមួយក្រុម ដែលរួមមានទីភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានកម្ពុជា មកសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងរដ្ឋនេះ ក៏ដូចជានៅរដ្ឋធានីដេលី ដើម្បីបង្កើនភ្ញៀវទេសចរណ៍ទៅមករវាងប្រទេសទាំងពីរ ជាពិសេសក្នុងផ្នែកទេសចរណ៍បែបព្រះពុទ្ធសាសនា ។គណៈប្រតិភូដែលមានសមាជិកចំនួន ២០ នាក់តំណាងឱ្យភ្នាក់ងារទេសចរណ៍ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ក៏ដូចជាអ្នកសារព័ត៌មានមកពីបណ្តាញផ្សព្វផ្សាយក្នុងស្រុកបានមកដល់ទីក្រុងដេលី រាជធានីជាតិនៃប្រទេសឥណ្ឌា ហើយឥឡូវនេះកំពុងធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានានៅទីនោះ ក៏ដូចជារដ្ឋឧត្តរប្រទេស ផងដែរ។នៅថ្ងៃច័ន្ទ ប្រតិភូបានទៅទស្សនាគោលដៅទេសចរណ៍ល្បីៗក្នុងទីក្រុងដេលី រួមមានដូចជា The Indian Gate ឬ «ច្រកទ្វារឥណ្ឌា» ដែលជាទីតាំងបូជនីយដ្ឋានរំលឹកដល់បណ្តាវីរបុរសដែលបូជាជីវិតក្នុងសង្គ្រាមលោកលើកទី ១ ក្នុងទីក្រុងញូវដែលី និងបានបន្តដំណើរទៅកាន់វត្ត កូរូរដ្ឋខេមរារាម ដែលជាវត្តខ្មែរនៅក្នុងប្រទេសឥណ្ឌា ដើម្បីប្រគេននូវបច្ច័យមួយចំនួនដើម្បីព្រះសង្ឃទុកទំនុកបំរុងប្រើប្រាស់នៅក្នុងវត្តផងដែរ។