រថយន្តសង្គ្រោះបន្ទាន់ចំនួន ៤ គ្រឿង ដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត និងមូលនិធិពុនដារីកា បានធ្វើពិធីប្រគល់-ទទួលជូនក្រសួងសុខាភិបាល

អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណនិងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី ថ្លែងកោតសរសើរខាងលើនេះ នៅក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿងជូនក្រសួងសុខាភិបាលដែលជាអំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ឆ្លៀតក្នុងឱកាសនេះដែរ  ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាពរបស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន ៤៧ នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា។

សូមជម្រាបជូនផងដែរ មជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីសប្បុរសធម៌នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៣ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរសម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាមាត់ក្រអូម (បញ្ហាស្នាមញញឹម) និងពិការមុខមាត់ពីកំណើត៕