រថយន្ត Tesla ចំនួន១៦គ្រឿងនៅអ៊ីតាលី ត្រូវឆាបឆេះមិនដឹងមូលហេតុ សង្ស័យជាចេតនាប្រឆាំងតវ៉ាពីសកម្មជនក្រៅប្រទេសចំពោះលោក Elon Musk និង រដ្ឋការលោក Trump

ប៉ូលីសអ៊ីតាលីកំពុងស៊ើបអង្កេតករណីភ្លើងឆាបឆេះឡើង ដែលបានបំផ្លាញរថយន្តអគ្គិសនី Tesla ជាង១០គ្រឿងនៅឯហាងចែកចាយមួយកន្លែង នៅឯជាយទីក្រុងរ៉ូមកាលពីថ្ងៃចន្ទនេះ ម៉ោងនៅប្រទេសអ៊ីតាលី។ ក្រុមហ៊ុន Tesla អ៊ីតាលី បាននិយាយថា ខ្លួនកំពុងសហការជាមួយប៉ូលីសស៊ើបអង្កេត ហើយពួកគេថានឹងយកវីដេអូពីកាម៉េរ៉ាសុវត្ថិភាព ក្នុងរថយន្តតាមដានលើបញ្ហាដោយខ្លួនឯង។ វីដេអូខាងក្នុងរបស់រថយន្តនេះដំណើរការធម្មតា បើទោះបីជាវាត្រូវបិទក៏ដោយ។ អ្នកយកព័ត៌មាន AP ដែលស្ថិតនៅកន្លែងកើតហេតុបានរាប់ចំនួនរថយន្តដែលឆាបឆេះទាំងនោះសរុបអស់ចំនួន១៦គ្រឿង។ សូមបញ្ជាក់ថា Tesla គឺជាក្រុមហ៊ុនគោលដៅមួយសម្រាប់សកម្មភាព តវ៉ានានាជុំវិញពិភពលោក ប្រឆាំងនឹងម្ចាស់កម្មសិទ្ធិប្រេនមួយនេះ គឺលោក Elon Musk ដែលជិតស្និតជាមួយនឹងរដ្ឋាភិបាលលោក Donald Trump ។ ការលក់រថយន្ត Tesla នៅអ៊ឺរ៉ុបបានធ្លាក់ចុះ៤៩% ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ បើទោះបីជាការលក់សរុបនៃរថយន្តប្រភេទ EVs ធម្មតារបស់ក្រុមហ៊ុនយក្សមួយនេះបានកើនឡើងក៏ដោយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ