រន្ធត់ណាស់! សិស្សសាលាជិត៤០នាក់ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយនៅនីហ្សេរីយ៉ា ដោយគ្រាន់តែអ្នករៀបចំកម្មវិធីប្រកាសថាផ្តល់រង្វាន់ប្រាក់សុទ្ធជិត១០០ដុល្លារដល់ពួកគេម្នាក់ៗ
អាជ្ញាធរក្នុងប្រទេសនីហ្សារីយ៉ាបាននិយាយថា កុមារជិត៤០នាក់បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាកាលពីថ្ងៃពុធនេះនៅឯពិធីតាំងពិព័រណ៍នៃថ្ងៃឈប់សម្រាកមួយនាភាគនិរតី ប្រទេសនីហ្សេរីយ៉ា។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងបរិវេណវិទ្យាល័យអ៊ីស្លាមមួយក្នុងទីក្រុង Basorun រដ្ឋ Oyo ក្បែរមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុង Lagos ។ អភិបាលរដ្ឋ លោក Seyi Makinde បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានចូលទៅកាន់កន្លែងកើតហេតុ និងចាប់ខ្លួនអ្នករៀបចំព្រឹត្តិការណ៍នេះពីបទធ្វេសប្រហែស និងបង្កើតកម្មវិធីបែបបំផុសបំផុលលើកទឹកចិត្តមិនប្រក្រតី។ កុមារដែលរងរបួសនៅកន្លែងនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយក្នុងនោះមានឪពុកម្តាយខ្លះបានស្នើឱ្យពិនិត្យរកអត្តសញ្ញាណបណ្ណអ្នកដែលបាត់ខ្លួនបន្ថែម ដើម្បីកំណត់ចំណាំកូនៗរបស់ពួកគេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានកំណត់អត្តសញ្ញាណអ្នករៀបចំព្រឹត្តិការណ៍រួចហើយដែរ ដែលកម្មវិធីត្រូវគេឲ្យថាជារបស់អង្គការ Women In Need Of Guide and Support Foundation ដែលធ្លាប់បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះដែរសម្រាប់កុមារតូចៗកាលពីឆ្នាំមុន។ តាមរបាយការណ៍របស់ស្ថានីយ៍វិទ្យុ Agidigbo FM ដែលមានមូលដ្ឋាននៅទីក្រុង Oyo បានបញ្ជាក់និងដកស្រង់សម្តីអ្នករៀបចំដែលបានចូលរួមនៅក្នុងកម្មវិធីរបស់ខ្លួនមុនពេលចាប់ផ្តើមដោយផ្សព្វផ្សាយថា៖ ពួកគេនឹងផ្តល់ឱ្យកុមារជាអ្នកចូលរួមចំនួន៥០០០នាក់នូវអាហារ និងសាច់ប្រាក់ចំនួន ៥០០០Naira (ស្មើនឹង១០០ ដុល្លារអាម៉េរិក)ក្នុងម្នាក់ៗ! បន្ទាប់ពីការប្រកាសរួចស្រាប់តែដល់ថ្ងៃកម្មវិធីមានមនុស្សដល់ទៅជាង ១០០០០ នាក់បាននាំគ្នាទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយអ្នកផ្សេងទៀតបានព្យាយាមសម្រុកចូល បញ្ច្រាតចូលហើយចូលទៀតរហូតទាល់តែដួលសង្កត់គ្នាទាំងអស់គ្នា។ ក្រុមមន្ត្រីបាននិយាយថាការស៊ើបអង្កេតមួយត្រូវបានបើកដំណើរលើមូលហេតុនៃការរត់ជាន់គ្នានេះហើយ ដោយក្នុងនោះលោក Bayo Lawal អភិបាលរងរដ្ឋ Oyo បានមានប្រសាសន៍ថា “យើងមិនលើកលែងទោសនឲ្យរណាម្នាក់ជាដាច់ខាតដែលពួកគេមានទំនាក់ទំនងជាមួយអង្គការមួយដែលរៀបចំព្រឹត្តិការណ៍នេះ ដោយអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ៨នាក់ដំបូង ក្នុងនោះមានលោកស្រី Naomi Silekunola ជាអ្នករៀបចំកម្មវិធី និងជាឥស្សរជនដ៏លេចធ្លោម្នាក់ក្នុងទីក្រុង៕
សម្រួលអត្ថបទ៖ សុផារិន្ទ