“ រាជរដ្ឋាភិបាលនឹងឈានដល់ការគ្រប់គ្រងថវិកាជាតិបានកាន់តែមានប្រសិទ្ធភាព មានតម្លាភាព ជាលំដាប់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ”

តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ប្រព័ន្ធថវិកា, កម្ពុជាកំពុងធ្វើដំណើរខិតជិតការគ្រប់គ្រងថវិកាជាតិ បានដោយមានប្រសិទ្ធភាព តម្លាភាព និង ការពង្រឹងអភិបាលកិច្ចល្អ ក្នុងការបម្រើសេវាធារណៈ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ។ លទ្ធផលនេះ គឺជាការរួមចំណែកមួយដ៏ធំពីការដាក់ឱ្យអនុវត្ត ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System – FMIS) ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ការគ្រប់គ្រងថវិកាជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព និង ជាប្រព័ន្ធ ដែលកំពុងប្រើប្រាស់ដោយប្រទេស ជាង ១០០ នៅលើសកលលោក និង មានប្រទេសជាច្រើនទៀត ក៏កំពុងខិតខំអនុវត្តគម្រោងនេះ

ខាងលើនេះ គឺជាការលើកឡើងរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធីចំនួន ២ នៅថ្ងៃទី ១០ និង ១១ ខែ មីនា ឆ្នាំ ២០២៥ គឺកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី មុខងាររៀបចំផែនការថវិកា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញជាង ០០ រូប នៃក្រសួង-ស្ថាប័នចំនួ និង កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី បញ្រ្ជាបការយល់ដឹងស្តីពីនីតិវិធីចំណាយថវិកាចរន្ត និង ចលនាឥណទានថវិកាចរន្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ទាំង ស្រុង ជូនថ្នាក់ដឹកនាំ និង មន្រ្តីជំនាញជាង ៤០០ រូបមកពីក្រសួងស្ថាប័នចំនួន ១៥

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជថ្មី ដែលមានប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពល គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី ១ ដោយកំណត់យកអាទិភាពគន្លឹះ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា ក្នុងគោលដៅបន្តជំរុញកំណើតសេដ្ឋកិច្ច និង ការអភិវឌ្ឍ ។ ក្នុងនោះ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និង ការកសាងរដ្ឋាភិបាលឌីជីថល ដោយបានអភិវឌ្ឍឡើងនូវប្រព័ន្ធឌីជីថលជាច្រើន ក្នុងនោះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានចាត់ទុកជាសមិទ្ធផលមួយដ៏សំខាន់ សម្រាប់ការពង្រឹងអភិបាលកិច្ចល្អ តាមរយៈ ការធានាបាននូវតម្លាភាព, គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ

បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា FMIS គឺជាមូលដ្ឋានមួយកាន់តែច្បាស់លាស់ ក្នុងការពង្រឹងប្រសិទ្ធភាព តម្លាភាព និង អភិបាលកិច្ចល្អ តាមរយៈ ការប្រើប្រាស់ថវិកាជាតិឱ្យឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈ របស់ក្រសួងស្ថាប័ន និងការវិនិយោគសាធារណៈ បានកាន់តែចំគោលដៅ មានតម្លាភាព និងប្រសិទ្ធភាព ជាក់ស្ដែង, តាមរយៈការអនុវត្តនីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុង នៅក្រសួងស្ថាប័នចំនួន ១៦ (នៅឆ្នាំ ២០២៥ នេះ មានក្រសួង-ស្ថាប័នថ្មីចំនួន ១៥ បន្ថែមទៀត នឹងត្រូវដាក់ឱ្យអនុវត្ត នីតិវិធីចំណាយចរន្តតាម FMIS ទាំងស្រុង) បានបង្ហាញថា រយៈពេលនៃការទូទាត់ថវិកា បានកាត់បន្ថយពីច្រើនខែ មកនៅត្រឹមប្រមាណជា ១០ ថ្ងៃ រីឯជំហាននៃការទូទាត់ក៏ត្រូវបានកាត់តម្រឹមពី ៥៦ ជំហាន មកត្រឹម ២០ ជំហាន ហើយនឹងបន្តកាត់បន្ថយជាបន្តបន្ទាប់ រួមទាំងការឈប់ប្រើប្រាស់ក្រដាសស្នាម និង ការតម្រូវឱ្យមានភ្ជាប់នូវឯកសារជាច្រើនសន្ធឹកសន្ធាប់ដូចមុន ។ ពិសេសជាងនេះទៀត, ការដាក់ឱ្យអនុវត្តនីតិវិធីចំណាយចរន្តនៅក្នុងប្រព័ន្ធ FMIS ទាំងស្រុង បានកាត់បន្ថយការរត់ការជាក្រដាសស្នាម និង ការជួបមុខគ្នា នៃតួអង្គពាក់ព័ន្ធ គឺជាផ្លូវការលែងតម្រូវឱ្យមានអ្នករត់ការជួបមុខគ្នា ឬ ទាក់ទងគ្នា ជាមួយមន្រ្តីគ្រប់គ្រងថវិកា ដែលជាកត្តាចម្បងនាំឱ្យការអនុវត្តថវិកា មិនមានតម្លាភាព និង មិនមានប្រសិទ្ធភាព ។

បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថាតាមរយៈ ការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់គ្រប់ក្រសួងស្ថាប័ន នៅក្នុងដំណើរការអនុវត្តគម្រោង FMIS នេះ, យើងបាន និង កំពុងខិតទៅរកការបង្កើតនូវមូលដ្ឋានមួយច្បាស់លាស់ ដើម្បីពង្រឹងអភិបាលកិច្ចល្អ ធ្វើឱ្យប្រតិបត្តិការថវិកាជាតិ កាន់តែមានតម្លាភាព និង ប្រសិទ្ធភាព ។ហើយនៅថ្ងៃមុខ ប្រសិនបើយើងនៅរក្សាបល្បឿន កម្លាំងរុញច្រាន និង ពុះពារ ដូចពេលនេះ ដោយមិនរួញរានោះ, យើងនឹងធ្វើឱ្យប្រទេសជាតិយើងមាន ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: (FMIS) មួយ ដែលមានមូលដ្ឋានកាន់តែច្បាស់លាស់ ក្នុងការពង្រឹងប្រសិទ្ធភាព តម្លាភាព នៃការអនុវត្តថវិកាជាតិទាំងមូល ឱ្យឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈរបស់ក្រសួងស្ថាប័ន និង ការវិនិយោគសាធារណៈ បានកាន់តែចំគោលដៅ ប្រកបដោយអភិបាលកិច្ចល្អ និង ទទួលបានប្រសិទ្ធផលខ្ពស់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលកំពុងមានវត្តមាននៅក្នុងកម្មវិធីទាំងពីរនេះ ឱ្យចូលរួមកាន់តែសកម្មក្នុងការតាមដាន និង លើកឡើងជាសំណួរ ឬ សំណូមពរនានា ដើម្បីផ្តល់ជាធាតុចូលល្អៗ ជាពិសេស បន្តកិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការពិនិត្យរៀបចំមន្ត្រីអនុវត្ត ឱ្យសមស្របនឹងតួនាទីភារកិច្ចនៃការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ត្រៀមរៀបចំមន្ត្រីអនុវត្តមុខងារពាក់ព័ន្ធ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីឱ្យការដាក់អនុវត្តគម្រោង FMIS ដំណើការដោយរលូន និង មានប្រសិទ្ធភាពខ្ពស់