រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់សុខដុមនីយកម្មសង្គមស៊ីវិលក្នុងការ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានលើកឡើងថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់សុខដុមនីយកម្មសង្គមស៊ីវិលក្នុងការចូល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) ។

ឯកឧត្តម រដ្ឋលេខាធិការមានប្រសាសន៍ដូចនេះនៅក្នុងវេទិកាសន្ទនាក្រោមប្រធានបទ ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នាថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ឡុង ឌីម៉ង់អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ក្រុង ស្រុក និងបណ្ដាសមាគមអង្គការសង្គមស៊ីវិលក្នុងខេត្ត រួមទាំងសមាជិកដៃគូសហការរបស់វ.ស.ស.ផងដែរ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនៅពេលនេះក្នុងគោល បំណងស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួន និងដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិលប្រចាំខេត្ត។ សម្រាប់ឆ្នាំ២០២៤នេះការផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន  ដែលអង្គការ សង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម  (ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្ត ។

នៅក្នុងឱកាសនោះ  ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ចំពោះសង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហ សេរីភាព និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរៀងៗខ្លួន។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការ រារាំង  ព្រម ទាំង ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស . ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជ រដ្ឋាភិបាលដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិលនិយាយដោយឡែក។

 ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួននិងបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០៕