រាជរដ្ឋាភិបាល ផ្តល់ថ្នាំ និងពិនិត្យសុខភាព ជាប្រចាំដោយមិនគិតថ្លៃ ជូនពលរដ្ឋកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ, និងក្រុមគោលដៅ មួយចំនួនទៀត

រាជរដ្ឋាភិបាល ផ្តល់ថ្នាំ និងពិនិត្យសុខភាព ជាប្រចាំដោយមិនគិតថ្លៃ ជូនពលរដ្ឋកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ, និងក្រុមគោលដៅ មួយចំនួនទៀត

ក្នុងបេសកកម្មដឹកនាំ ក្រុមការងារចុះពិនិត្យ និងស្វែងយល់ អំពីវឌ្ឍនភាព នៃដំណើរឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ជាពិសេសពាក់ព័ន្ធ នឹងការពង្រឹងយន្តការគ្រប់គ្រង និងបែងចែកឱសថសារវន្ត នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

 ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្ដប់សុខភាព ជាសាកលនៅកម្ពុជា បានប្រសាសន៍ថា ពលរដ្ឋ ដែលមកពី គ្រួសារមានបណ្ណសមធម៌, គ្រួសារមានបណ្ណងាយរងហានិភ័យ និងក្រុមគោលដៅ មួយចំនួនទៀត សរុបប្រមាណ ៥លាននាក់ បាន និងកំពុងទទួលបានការពិនិត្យ និងព្យាបាលជំងឺ នៅមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។ 

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងចំណោមពលរដ្ឋចំនួនប្រមាណ ៥លាននាក់ខាងលើនេះ, ពលរដ្ឋដែលមានជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែម ក៏កំពុងទទួលបានការថែទាំជាប្រចាំ តាមរយៈការពិនិត្យសុខភាព និងទទួលបានថ្នាំថែទាំសុខភាព ដោយមិនគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមពល និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើនថវិកាក្នុងការទិញឱសថសម្រាប់ជំងឺទាំងពីរប្រភេទខាងលើ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ជាពិសេសកុំឱ្យពួកគាត់ធ្វើដំណើរមកបើកថ្នាំនៅមន្ទីរពេទ្យញឹកញាប់ពេក ដែលនេះក៏បានរួមចំណែកដល់ការសន្សំថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកជំងឺបានមួយផ្នែកផងដែរ៕