រីហ្សតរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ទទួលស្វាគមន៍ទស្សនៈកិច្ចសិក្សារបស់និស្សិតភូមិន្ទភ្នំពេញចំនួនជាង ១០០នាក់

នាថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ រីហ្សតWonderland របស់អ្នកឧកញ៉ា ទៀ វិចិត្រ ក្នុងស្រុកព្រៃនប់នៃខេត្តព្រះសីហនុ បានទទួលស្វាគមន៍ទស្សនៈកិច្ចសិក្សារបស់ក្រុមនិស្សិតឆ្នាំទី៤ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួនជាង ១០០នាក់។ ទស្សនៈកិច្ចសិក្សានេះប្រើរយៈពេល១យប់២ថ្ងៃ។
គោលបំណងនៃទស្សនៈកិច្ចសិក្សានេះគឺដើម្បីផ្សារភ្ជាប់ពីការសិក្សាផ្នែកទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅក្រុមហ៊ុន។ និស្សិតទាំងអស់នឹងបញ្ចប់ការសិក្សារបស់ខ្លួនឆាប់ៗពីដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ហើយកំពុងត្រៀមចេញស្វែងរកការងារធ្វើ ឬបើកអាជីវកម្មរបស់ខ្លួន។ ទស្សនៈកិច្ចសិក្សានេះដឹកនាំដោយសាស្រ្តាចារ្យជំនួយ គីម ស៊ីដដាវីស ដែលជាគ្រូបង្រៀនឧត្តមសិក្សាពីដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បើតាមកម្មវិធីដំណើរទស្សនៈកិច្ចនេះ ក្រុមហ៊ុនGTVC Groupបានរៀបចំចាត់ចែងការធ្វើបទបង្ហាញនានាជូនដល់ក្រុមនិស្សិតដែលចុះមកធ្វើទស្សនៈកិច្ចសិក្សានេះ រួមមានតំណាងពីរីហ្សតWonderland តំណាងកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ និងអូប័រល្បឿនលឿនGTVC។
បើតាមប្រសាសន៍របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមហ៊ុនGTVC Groupមានសេចក្តីសប្បាយរីករាយដែលក្រុមនិស្សិតទាំងនេះមានចំណាប់អារម្មណ៍ចុះសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ក្រុមហ៊ុនផង និងចុះមកកម្សាន្តនៅរីហ្សតផង។ អ្នកឧកញ៉ាបញ្ជាក់ថា «យើងរីករាយស្វាគមន៍ជានិច្ចចំពោះប្អូនៗកូនក្មួយដែលចង់ចុះទស្សនៈកិច្ចសិក្សាមករមណីយដ្ឋានទេសចរណ៍របស់យើង ហើយយើងត្រៀមក្រុមការងារដើម្បីផ្តល់ព័ត៌មានជូនប្អូនៗក្មួយៗដើម្បីផ្តល់ជាចំណេះ និងបទពិសោធការងារផ្សេងៗដើម្បីជាប្រយោជន៍ដល់ក្រុមនិស្សិតមុននឹងដាក់ពាក្យបម្រើការងារនៅតាមបណ្តាស្ថាប័ននានា»។
គួរបញ្ជាក់ផងដែរថា រីហ្សតរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលស្ថិតក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុនេះមានឈ្មោះថា Wonderland Suites & Resort មានផ្ទះវីឡាប្រណិតចំនួន ២៧ផ្ទះវីឡា និងបឹងហ្គាឡូស្នាក់នៅចំនួន ៣០ផ្ទះ។ ក្រៅពីនោះ រីហ្សតមានភ្ញៀវអាចជិះម៉ូតូទឹក ជិះកាយ៉ាក និងជិះទូកឈើនៅតាមព្រែកធម្មជាតិ មានឡានOff roadជិះតាមដងព្រែក និងសកម្មភាពកម្សាន្តមួយចំនួនទៀត។