រូបថតលោក Kim Jung Un ជាមួយនឹងកូនស្រីដែល ចម្រើនវ័យដឹងក្តីយ៉ាងលឿន និងអាចជាទាយាទស្នងតំណែងលោក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីព្រហស្បតិ៍នេះ បានចេញផ្សាយនូវរូបភាពប៉ុន្មានសន្លឹករបស់មេដឹកនាំ គីម ជុងអ៊ុន ជាមួយនឹងកូនស្រីរបស់លោក នៅក្នុងព្រឹត្តិការណ៍មួយ ដែលគេបានរៀបចំសម្រាប់ខួបលើកទី៧៩ឆ្នាំនៃការបង្កើតគណបក្សពលករកូរ៉េខាងជើងដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះដែរ។ រូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង ហៅកាត់ថា (KCNA) បានបង្ហាញរូបថត លោក គីម បានមកដល់វេទិកាកម្មវិធីដ៏ធំជាមួយនឹងកូនស្រីរបស់លោកនៅឯទីលានមួយស្ថិតនៅជាយទីក្រុងព្យុងយ៉ាង ហើយបន្ទាប់មកក៏មានរូបថតជាច្រើនសន្លឹករបស់លោក គីម ជាមួយកូនស្រីរបស់គាត់អង្គុយនៅលើឆាកកិត្តិយស ដែលមានរដ្ឋមន្ត្រីការបរទេស Choe Son Hui អមផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចាប់ផ្តើមបង្ហាញរូបថតលោក Kim ជាមួយកូនស្រីរបស់លោកម្តងដែរកាលពីឆ្នាំ ២០២២ ហើយពួកគេបានកំណត់ថានាងគឺកូនស្រីរបស់លោក ប៉ុន្តែមិនបានបញ្ចេញឈ្មោះរបស់នាងទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយបរទេសវិញបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថានាមានឈ្មោះ Kim Ju Ae ជាទាយាទដែលនឹងស្នងតំណែងលោកគីម ប៉ុន្តែវាគ្រាន់តែជាការប៉ាន់ស្មាន មិនទាន់ជាផ្លូវការទេ ប៉ុន្តែជារឿយៗយោងតាមការសង្កេតជាទូទៅគឺនាងតូចនេះតែងតែទៅណាមកណាជាមួយលោក គីម ទោះបីជាទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្តី ដោយពិភពលោកអាចដឹងថាលោក គីម កំពុងបណ្តុះកូនស្រីឲ្យយល់ច្បាស់ពីការដឹកនាំ សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន៕ សម្រួលអត្ថបទ៖ សុផារិន្ទ