រូបភាពពីលើអាកាសបង្ហាញពីទំហំបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតក្រោយពីភ្លើងឆេះព្រៃដុតកម្លោចសង្កាត់ជាច្រើននៅ Los Angeles គិតត្រឹមថ្ងៃនេះគឺបណ្តាលឲ្យមនុស្ស២៤នាក់ស្លាប់
ក្រុមអ្នកពន្លត់អគ្គីភ័យបានតស៊ូយ៉ាងស្វិតស្វាញកាលពីថ្ងៃអាទិត្យនេះដើម្បីប្រឆាំងនឹងកម្លាំងភ្លើងឆេះព្រៃដ៏រាលដាលនិងបានបំផ្លាញផ្ទះរាប់ពាន់ខ្នងរួចទៅហើយនៅក្នុងទីក្រុង Los Angeles និងបានសម្លាប់មនុស្ស២៤នាក់គិតត្រឹមព្រឹកថ្ងៃនេះ ខណៈដែលអ្នកព្យាករណ៍អាកាសធាតុបានព្រមានជាថ្មីម្តងទៀតអំពីស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់ជាមួយនឹងការវិលត្រលប់មកវិញនូវខ្យល់បក់បោកខ្លាំងបន្ថែមនៅសប្តាហ៍នេះ។ លើសពីនេះដែរមនុស្ស១៦នាក់នៅតែបាត់ខ្លួន ហើយអាជ្ញាធរបាននិយាយថាចំនួនមនុស្សស្លាប់អាចកើនឡើង ប្រសិនបើពួកគេមិនអាចរកឃើញទេនោះ។ ទំហំនៃការបំផ្លិចបំផ្លាញនេះអាចត្រូវបានគេមើលឃើញពីលើឧទ្ធម្ភាគចក្រ នៅពេលដែលពួកគេបានហោះហើរល្បាតពីលើសង្កាត់ដែលឆេះខ្លោចអស់ទៅហើយនោះ។ ប៉ូលីស និងសេវាសង្គ្រោះអាចត្រូវបានគេមើលឃើញថាកំពុងធ្វើការយ៉ាខ្លាំងនៅក្នុងតំបន់រងគ្រោះជាច្រើន។ សេវាអាកាសធាតុជាតិបានចេញការព្រមានទង់ពណ៌ក្រហមសម្រាប់ស្ថានភាពភ្លើងធ្ងន់ធ្ងររហូតដល់ថ្ងៃពុធនេះដែរដោយកម្លាំងខ្យល់ដែលនឹងបោកបក់នៅលើភ្នំឡើងកើនដល់១១៣ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ស្របពេលដែលចំនួនអ្នកស្លាប់បានកើនឡើងដល់២៤នាក់កាលពីចុងសប្តាហ៍នេះ ស្រាប់តែការិយាល័យពិនិត្យសពរបស់សង្កាត់ខោនធី Los Angeles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា មនុស្សស្លាប់ចំនួន៨នាក់ ត្រូវបានគេសន្មតថាមកពីតំបន់ Palisades និង ១៦នាក់បានមកពីតំបន់ Eaton ។ ក្រុមមន្ត្រីបាននិយាយថា ពួកគេដឹងថាតួលេខនេះនឹងកើនឡើងនៅពេលដែលក្រុមការងារនាំសុនខហិតក្លិនដ៏ជំនាញប្រភេទ cadaver ស្វែងរកបរិវេណលាក់កំបាំងនានានៅតាមសង្កាត់ដែលឆេះខ្លោចទៅហើយនោះ។ មកដល់ពេលនេះអាជ្ញាធរនៅទីក្រុង Los Angeles បានបង្កើតមជ្ឈមណ្ឌលមួយដែលមនុស្សអាចរាយការណ៍អំពីករណីមនុស្សបាត់ខ្លួនបានលឿនជាងមុន។ ចំណែកមន្ត្រីជំនាញក៏កំពុងសាងសង់មូលដ្ឋានស្រង់ទិន្នន័យតាមអ៊ីនធឺណិត ដើម្បីអនុញ្ញាតឲ្យអ្នកស្រុកដែលជម្លៀសខ្លួនចេញ អាចមើលឃើញនូវបច្ចុប្បន្នភាពផ្ទះសម្បែងរបស់ពួកគេបាន មើលឃើញពីទំហំខូចខាតនិងបំផ្លិចបំផ្លាញដោយមិនចាំបាច់មកផ្ទាល់ ចៀសមានគ្រោះថ្នាក់។ ក្នុងពេលជាមួយគ្នានេះ ប្រធានពន្លត់អគ្គីភ័យនៃទីក្រុង LA លោក Kristin Crowley បានជំរុញឱ្យប្រជាជនសូមស្ថិតឲ្យនៅឆ្ងាយបំផុតពីសង្កាត់ដែលមានភ្លើងឆេះតិចតួចក្តី ព្រោះយើងមិនអាចស្មានដឹងថា កម្លាំងខ្យល់បក់អាចរុញច្រានអណ្តាតភ្លើងបានលឿនកម្រិតណានោះទេ៕
សម្រួលអត្ថបទ៖សុផារិន្ទ