លទ្ធផលនៃការចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅទីក្រុងគួយលីន, សាធារណរដ្ឋប្រជាមានិតចិន
ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ សិល្បករ សិល្បការីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រតិបត្តិការទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍៖ រួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងគួយលីនតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៌ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ថ្នាក់ដឹកនាំទីក្រុងគួយលីង និងគណៈកម្មការរៀបចំពិព័រណ៌។ ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមព្រឹត្តិការណ៍នេះ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន និងចិន និងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ចិន ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន ៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជនស្របពេលដែលឆ្នាំ២០២៤ គឺជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចនូវការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំទ្រទ្រង់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ សភាពការណ៍ពិតនៅកម្ពុជា ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជា ព្រមទាំងបានអំពាវនាវដល់ថ្នាក់ដឹកនាំ ភាគីផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយ កៀរគរទេសចរ និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកម្ពុជា ដោយក្រសួងទេសចរណ៍ នឹងផ្តល់ការសម្របសម្រួលឱ្យអស់ពីលទ្ធភាព។
ក្រសួងទេសចរណ៍ ក៏បានរៀបចំពន្លាទេសចរណ៍ ដែលមានទំហំ១០៨ម៉ែត្រការ៉េ ក្រោមការរចនាប្រកបដោយភាពស្រស់ស្អាត និងច្នៃប្រឌិត ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀត។
បន្ថែមពីលើនេះ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា (Cambodia Tourism Promotion Conference) ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងការរៀបចំឱ្យមានជាជំនួបផ្តួរផ្គងធុរកិច្ច (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា និងប្រតិបត្តិការទេសចរណ៍ចិន ដើម្បីបង្កើនទំនាក់ទំនង(Networking) និងជំរុញការរៀបចំ និងលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពសំបូរបែប និងទាក់ទាញ។
ឆ្លៀតឱកាសនៃការចូលរួមព្រឹត្តិការណ៍នេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតជូន ឯកឧត្តម Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍តំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់លើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និងតំបន់ដទៃទៀតនៃតំបន់ស្វយ័តក្វាងស៊ី និងការកៀរគរទេសចរចិនមកកម្ពុជា។ បន្ថែមលើនេះ, ភាគីកម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ចសហប្រតិបត្តិការលើថ្នាលទេសចរណ៍ឆ្លាតវៃ (Smart Tourism Platform) ដែលនឹងតភ្ជាប់ទីក្រុងគួយលីនជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអនុញ្ញាតជូនក្រុមហ៊ុនទេសចរណ៍សំខាន់ៗចំនួន៣ផ្សេងទៀត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដែលរួមមាន៖ ទី១). ក្រុមហ៊ុន Hainan Wehua Air Tourism Group, ទី២). ក្រុមហ៊ុន GuangXi Sunrise International Travel Service Co.,LTD និងទី៣). ក្រុមហ៊ុន Guilin TianHe International Travel Service Co.,LTD។ ក្រុមហ៊ុនទាំងនេះ សន្យានឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់កម្ពុជា ឱ្យបានជ្រួតជ្រាបពេញលេញទៅដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងគួយលីន និងក្នុងតំបន់ស្វយ័តក្វាងស៊ីទាំងមូល ក៏ដូចជាប្រជាពលរដ្ឋចិននៅបណ្តាខេត្តក្រុងផ្សេងទៀតរបស់ចិន ព្រមទាំងជំរុញការរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ទៅកម្ពុជា និងខេត្តសៀមរាប ឱ្យបានកាន់តែច្រើន ជាពិសេសជំរុញការចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួននៅខេត្តសៀមរាបក្នុងក្របខណ្ឌនៃ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។
ជារួម ដំណើរបេសសកម្មក្រៅប្រទេសលើកដំបូងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រព្រឹត្តទៅដោយជោគជ័យ និងបាននាំមកនូវផ្លែផ្កាគួរជាទីកត់សម្គាល់សម្រាប់វិស័យទេសចរណ៍កម្ពុជា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយភាគីចិន ពិសេសជាមួយតំបន់ស្វយ័តក្វាងស៊ី និងទីក្រុងគួយលីន ព្រមទាំងការផ្សព្វផ្សាយកម្ពុជាទៅទីផ្សារអាស៊ាន-ចិន កាន់តែទូលំទូលាយ៕