លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ពិធីដង្ហែ និងអានគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាន្តនៃកម្ពុជា (វត្តពោធិ៍៥០០០ដើម)

ក្បួនដង្ហែគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ ពីសំណាក់ប្រជាពុទ្ធបរិស័ទខ្មែរប្រមាណជាង ៣០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងពិធីដង្ហែ និងអានគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាន្តនៃកម្ពុជា (វត្តពោធិ៍៥០០០ដើម) ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥។
គម្ពីរព្រះត្រៃបិដក ជាឃ្លាំងផ្ទុកព្រះពុទ្ធវចនៈ គឺវចនៈនៃអង្គព្រះសម្ពុទ្ធ ដែលទ្រង់ទេសនាទូន្មានរវាង៤៥ វស្សា ចាប់ពីទ្រង់បានត្រាស់ដឹងព្រះសម្មាសម្ពោធិញាណ រហូតមកដល់ទ្រង់បរិនិព្វាន និង ត្រូវបានចារឹកក្នុងសាត្រាស្លឹករឹត ជាលើកដំបូងបំផុត នៅប្រទេសលង្កា ក្នុងអំឡុងព.ស.៤៣៣ ព្រមទាំងបានបង្កើតក្រុមជំនុំព្រះត្រៃបិដក នៃប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជប្រកាសលេខ ១០៦ ចុះនៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ១៩២៩ ។
អញ្ជើញអមដំណើរលោកជំទាវបណ្ឌិតនាឱកាសនេះ មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា នៃព្រះពុទ្ធសាសនា , ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូភត្រ្តា ចាយបូរិន , ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងលោកជំទាវ , ព្រះមន្រ្តីសង្ឃ ,មន្ត្រីរាជការ សិស្សានុសិស្ស ដូនជី តាជី និងប្រជាពុទ្ធបរិស័ទ ជាច្រើនកុះករ ។
នៅក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមប្រគេន ព្រះនូវសព្ទសាធុការពរ ចំពោះសីមានុចារីវិមុត្តិ សៀន គុណលាត ព្រះបាឡាត់គណខេត្ត ជាព្រះចៅអធិការ និងជាព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឥសានខ្មែរ ដែលដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីដង្ហែ និងអានគម្ពីរ៍ព្រះត្រៃបិដកខ្មែរក្នុងឱកាសនេះ ដែលដឹកនាំប្រជាពុទ្ធបរិស័ទគ្រប់ទិសទីរៀបចំពិធីដង្ហែ និងអានគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ វត្តពោធិ៍៥០០០ដើម ឬមជ្ឈមណ្ឌលវិបស្សនាធុរភូមិភាគឦសាន្ត នៃកម្ពុជា បង្ហាញពីឆន្ទៈលើកតម្កើនព្រះពុទ្ធ សាសនា វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ ជាតិ ចូលរួមចំណែកធ្វើឱ្យវិស័យសាសនា សង្គមជាតិ មានភាពសុខដុមរមនា សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រើនវិស័យ នៃព្រះពុទ្ធសាសនា។ ការអានព្រះត្រៃបិដកជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអាន ព្រះត្រៃបិដកគឺមានសមត្ថភាព អាចយល់ ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរ ចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើអោយអ្នកអានព្រះត្រៃបិដក មាន សេចក្តីព្យាយាមយ៉ាងមោះមុត មានសតិស្មារតីរឹងមាំ និងចេះតាំងចិត្តឲ្យនឹងនរ ឲ្យប្រពៃត្រឹមត្រូវ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។
លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ផ្តើមពីនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់វិស័យ ពិសេសវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយកាលពីពេលថ្មីនេះ បានផ្តល់អនុសាសន៍បង្កើតក្រុមជំនុំព្រះត្រៃបិដក ជាថ្មីម្តងទៀត បន្ទាប់ពីត្រូវបានរំសាយកាលពីសម័យរបបខ្មៅងងឹត។
លោកជំទាវបណ្ឌិត បានលើកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២៩២៥កន្លងទៅនេះ ក្នុងកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា»ថា គ្រប់សាសនាទាំងអស់ សុទ្ធតែបានតម្រង់ទិសសាសនិករបស់ខ្លួនឆ្ពោះទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និង សេចក្តីប្រោសប្រណី ចំពោះមនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោក ក៏ស្របទៅនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាពបានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ហើយមុំមួយ ក្នុងចំណោមមុំ នៃបញ្ចកោណទាំង៥ គឺ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ ,សមធម៌ និងបរិយាបន្ន ដែលផ្តោតសំខាន់លើការធ្វើឱ្យពលរដ្ឋមានសីលធម៌ គុណធម៌ និងសុជីវធម៌ ។
ព្រះពុទ្ធសាសនាមានប្រភពនៅប្រទេសឥណ្ឌា កាលពី ជា ២៥០០ ឆ្នាំ មុន ព្រះពុទ្ធសមណគោត្តម បាន ត្រាស់ ដឹងឡើងក្នុងលោក ហើយបានទេសនាទូន្មានមនុស្ស និងទេព្តា ឱ្យលះបង់អំពើបាប បច្ចុប្បន្នព្រះពុទ្ធសាសនាត្រូវបាន គេផ្តល់តម្លៃជាសកលថា ជាសាសនាសន្តិភាព អហឹង្សា មានស្មារតីកសាងនូវសេចក្តីសុខ ។ដោយសារគុណតម្លៃទាំងនេះហើយទើបមានគំនិតផ្តួចផ្តើមជាច្រើនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាដូចជា ទិវាវិសាខបូជារបស់អង្គការសហប្រជាតិ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា និងសន្និសីទព្រះពុទ្ធសាសនាជាច្រើនទៀត សុទ្ធតែមានគោលដៅយកព្រះពុទ្ធសាសនាជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា ក្នុងបរិបទនៃភាពតានតឹងរវាងគុណតម្លៃនៃសេរីភាព និងការប្រតិបត្តិសាសនា ដើម្បីធានាឱ្យបាននូវសន្តិភាពប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោក។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមសំណូមពរដល់សម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទគ្រប់រូប ចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃៗទៀតនឹងចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា ការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជនដែលបណ្តាល មកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ។ សូមបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិត បង្កើតយន្តការគាំទ្រដល់គ្រប់មណ្ឌលវិបស្សនាធុរៈ ដើម្បីឈានឆ្ពោះទៅរកភាពរីកចម្រើន និងចូលរួមថែរក្សា មរតក ប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា ព្រមទាំងបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ប្រកាន់ក្រឹត្យវិន័យឱ្យបានខ្ជាប់ខ្ជួន៕