លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ចូលរួមសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសាកល បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងក្លាចំពោះមិទ្ធិផល ដ៏គួរជាទីមោទនៈចំពោះមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលសម្រេចបាននាពេលនេះ នៅក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះថា÷ សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៥-២០២៦ ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើន ដើម្បីបំពេញ ស្របតាមយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ។
ដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី ២០២៥ ក៏ដូចជាឆ្នាំបន្ត លោកជំទាវ បានគូសបញ្ជាក់នូវចំណាប់អារម្មណ៍មួយ ចំនួនដូចតទៅ៖
1 .ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។
2 ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឲ្យឆាប់មកទទួលសេវារបេង ប្រកបដោយគុណភាព។
3.ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេត ស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យ ខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម ។
4. បន្តពង្រឹងការសហការការងារររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។
5. ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។
ការងារទាំងនេះទាមទារឲ្យមាន ការចូលរួមយ៉ាងជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយដៃគូ អភិវឌ្ឍន៍ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធទាំងឡាយ ព្រមទាំង ស្ថាប័នមិនមែនសុខាភិបាលផ្សេងទៀត សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត ។
ក្នុងរយៈពេល២ថ្ងៃខាងមុននេះ លោកជំទាវ រដ្ឋលេខាធិការ សូមឲ្យអស់លោក លោកស្រី នាងកញ្ញា មេត្តា ពិនិត្យយកចិត្តទុកដាក់ស្ដាប់ និងវិភាគទាំងលើចំណុចខ្លាំង ចំណុចខ្សោយនូវបាយការណ៍បូកសរុបការងារកំចាត់រោគ របេងឆ្នាំ២០២៤ របស់កម្មវិធីជាតិ។ លើសពីនេះ សូមមេត្តាតាមដានស្ដាប់រាល់មតិ និងបទពិសោធន៍ក្នុងការគ្រប់គ្រង និងការអនុវត្តន៍ផ្ទាល់ពីសំណាក់អស់លោក លោកស្រី មន្ត្រីសុខាភិបាល ក៏ដូចជាតំណាងភាគីនានា ដែលបាននឹង កំពុងសហការ និងជួយឧបត្ថម្ភដល់កម្មវិធីជាតិ ព្រមទាំងចូលរួមលើកឡើងនូវបទពិសោធន៍ ងារជាក់ស្តែងរបស់ ខ្លួន ដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងាររវាងគ្នានឹងគ្នាទៅវិញទៅមក ដើម្បី ត្រឡប់ទៅកាន់មូលដ្ឋាន រៀងៗខ្លួនវិញ នាំគ្នាបំពេញការខ្វះខាតដែលនៅសេសសល់ និងបន្តជំរុញការងារថ្មីឆ្នាំខាងមុខកាន់តែមានប្រសិទ្ធិ ភាព និងទទួលបានជោគជ័យជាបន្តបន្ទាប់ថែមទៀត។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនបាន រាយការណ៍ដោយសង្ខេប នូវស្ថានការណ៍ជំងឺរបេង សកល លោក និងនៅកម្ពុជាថា÷ ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបាន ប្រកាសដោយអង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ជាក់ថាប្រទេស កម្ពុជាយើងពុំស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ សំរាប់រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងតារាង បញ្ជីប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ។
បន្ថែមពីសមិទ្ធផលខាងលើ កម្មវិធីជាតិ បានធ្វើការអង្កេតសិក្សាស្រាវស្រាវរកអត្រាប្រេវ៉ាឡង់ជំងឺ របេងថ្នាក់ជាតិលើកទី៣ ឆ្នាំ 2023 – 2024 ដែលការអង្កេតសិក្សានេះគ្របដណ្តប់សរុបចំនួន៨៤ចង្កោម (84 clusters) ហើយលទ្ធផលបឋមបានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃជំងឺរបេងបានធ្លាក់ចុះប្រមាណ៥០% ពីឆ្នាំ ២០១១ មកឆ្នាំ២០២៣។ ចំណែកលទ្ធផលចុងក្រោយជាផ្លូវការនឹងគ្រោងបោះពុម្ពផ្សព្វផ្សាយ
នៅត្រីមាសទី៤ ឆ្នាំ២០២៥។ ការអង្កេតស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣នេះ ត្រូវ បានឧបត្ថម្ភថវិកាដោយ DEFAT (Australia), Global Fund, USAID និងRIT/JATA ហើយមានការគាំទ្រ ផ្នែកបច្ចេកទេសសំខាន់ពីអង្គការ WHO, RIT/JATA, និងIPC ។
ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៍ប្រទេសយើង នៅមានករណីជំងឺរបេង ច្រើននៅឡើយ ហើយមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីអោយកម្មវីធីជាតិ សំរេច បាន គោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅចុងឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បី កាត់បន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខឆ្នាំ២០១៥ ដែល ស្របទៅនឹងយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងសកលលោកផងដែរ។ដូចនេះកម្មវិធីជាតិត្រូវការធនធានបន្ថែមទៀត ដើម្បីអោយខ្លួនអាចសំរេចបានទិសដៅជាបន្តក្នុង បណ្តាឆ្នាំខាងមុខៗ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធាន មជ្ឈមណ្ឌល សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមមេត្តាជួយនិងបន្តជួយឧបត្ថម្ភគាំ ទ្រដល់កម្មវិធីជាតិ ដើម្បីអោយសំរេចបានជាស្ថាពរ នូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចិរភាព (SDG) នៅ ចុងឆ្នាំ២០៣០ និងក្នុងបណ្តាឆ្នាំបន្ត៕