លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ដឹកនាំប្រតិភូក្រសួងកិច្ចការនារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

គណៈប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាព្រឹកថ្ងៃទី២៩មីនា នៅទីតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅផ្ទះលេខ១៧ ផ្លូវ៣៣៥ ភូមិ២ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងវេលាប្រកបដោយទុក្ខសោកនេះ លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី បានសម្ដែងនូវការគោរពចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាការបាត់បង់នូវបងប្រុសច្បងក្នុងគ្រួសារ បងថ្លៃ លោក ឪពុក ជីតា ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសប្បុរស សណ្តោសប្រណី និងជាការបាត់បង់ នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ តាំងពីដើមរៀងមក។

លោកជំទាវ កិត្តិបណ្ឌិត រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងកិច្ចការនារី បានលើកហត្ថឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕