លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការប្រឈមមុខនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលកាន់តែស្មុគស្មាញ និងមានចរិតលក្ខណៈជាឧក្រិដ្ឋកម្មឆ្លងដែន តួយ៉ាងដូចជា៖បទល្មើសសំអាតប្រាក់ ការឆបោក និងហិរញ្ញប្បទានភេរវកម្ម ជាដើម។ លោកជំទាវ ជា លាង បានសង្កត់ធ្ងន់អំពីតួនាទីយ៉ាងសំខាន់របស់ព្រះរាជអាជ្ញា ក្នុងនាមជាអ្នកការពារយុត្តិធម៌ ដោយលើកឡើងថា “ក្នុងស្ថានភាពនៃឧក្រិដ្ឋកម្មដែលកាន់តែមានភាពស្មុគស្មាញ ចាក់ស្រេះ និងលំបាកនេះ ព្រះរាជអាជ្ញាគឺជាតួអង្គដែលមិនអាចខ្វះបាន និងមានភារកិច្ចសំខាន់ក្នុងការធានាការផ្តល់យុត្តិធម៌ និងធានានីតិរដ្ឋ។ ព្រះរាជអាជ្ញា គឺជាអ្នកដែលឈរនៅជួរមុខដើម្បីបង្ហាញចេញនូវកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឆ្ពោះទៅការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម និងការផ្តន្ទាទោសលើក្រុមឧក្រិដ្ឋជន។