លោកជំទាវ និន សាផុន ជំរុញឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វ ផ្សាយលើវិស័យរបស់ខ្លួនដល់ប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ជាពិសេសកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងអាណត្តិទី៧នេះ

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វ ផ្សាយលើវិស័យរបស់ខ្លួនដល់ប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ដើម្បីជួយឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ដែលជាកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញជួបប្រជុំជាមួយថ្នាក់រដ្ឋបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តឧត្តរមានជ័យ នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន ពីលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែល ពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ក្នុងការអនុវត្តច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ។
លោកជំទាវ និន សាផុន បានបញ្ជាក់ថាកិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តឧត្តរមានជ័យ បានជម្រាបជូនគណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារ ដែលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការងារកិច្ចការពារអ្នកប្រើប្រាស់។
លោកជំទាវ និន សាផុន ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់ការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះ លោកជំទាវក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។
លោកជំទាវក៏បានជំរុញឱ្យអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការផ្សព្វផ្សាយលើវិស័យរបស់ខ្លួនដល់ប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ដើម្បីជួយឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ដែលជាកម្មវិធីថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។
លោកជំទាវ និន សាផុន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួម ទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែល បានសហការសាមគ្គីរួមគ្នាបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត បំពេញការងារ និងតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។
សូមជម្រាបថា ខេត្តឧត្តរមានជ័យ ជាខេត្តទី៣ បន្ទាប់ពីខេត្តប៉ៃលិន និងបន្ទាយមានជ័យ ដែលគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញចុះបំពេញបេសកកម្មការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលវិស្សមកាលរបស់រដ្ឋសភា៕