លោកជំទាវ ឡងឌី សាន់ណារ៉ា មានប្រសាសន៍ថា ការបើកច្រករបៀងវប្បធម៌កម្ពុជា-ចិន ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងនិងជាមិត្តភាពដែកថែបដ៏រឹងមាំ រវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងថា “ការរៀបចំកម្មវិធីផ្លាសប្តូរវប្បធម៌នេះ មិនត្រឹមតែជាការបង្ហាញពីលក្ខណៈពិសេសនៃ វប្បធម៌ និងអរិយធម៌ប្រទេសទាំង២ កម្ពុជា-ចិន (ដែលមានខេត្តយូណានជាតំណាង) ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែង និងជាមិត្តភាពដែកថែបដ៏រឹងមាំ រវាងប្រជាជននិងប្រជាជនកម្ពុជា និងចិន”។ ប្រសាសន៍ខាងលើនេះត្រូវបានលើកឡើងក្នុងកម្មវិធី ច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ “ការផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន” ដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅផ្សារទំនើបជីម៉ុង ២៧១។

លោកជំទាវ រដ្ឋលេខាធិការ បន្ថែមថា ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន ដែលមានជាច្រើនសតវត្សរ៍មកហើយ តាមរយពាណិជ្ជកម្ម ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរវប្បធម៌។ ហើយទំនាក់ទំនងនេះត្រូវបានស្ដារឡើងវិញ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗរហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់មហាមិត្តចិន។ សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ រួមមាន ការអប់រំ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការសហគមន៍ ការកសាងមិត្តភាពយូរអង្វែងទាំងនេះ គឺជាស្ពានបង្រួបបង្រួម នៃមិត្តភាពយើងឱ្យកាន់តែជិតស្និត ហើយនឹងលេចចេញជារូបរាង តាមរយៈការចែករំលែក ចំណេះដឹង បទពិសោធ ការច្នៃប្រឌិត និងបេតិកភណ្ឌវប្បធម៌។ តាមរយៈសិល្បៈ យើងឃើញពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ និងការផ្តល់តម្លៃឲ្យគ្នាពីមួយជំនាន់ទៅមួយជំនាន់។ តាមរយៈការអញ្ជើញធ្វើទស្សនកិច្ច លើកទី១ មកកម្ពុជា កាលពីឆ្នាំ២០១៦ និងថ្មីៗនេះការអញ្ជើញទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង គឺជាសក្ខីភាពមួយនិងជាប្រវត្តិសាស្ត្រ នៃចំណងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។

ឯកឧត្តម ឈិន ឆុង អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ច្រករបៀងវប្បធម៌ កម្ពុជា-ចិន គឺជាគម្រោងម៉ាកយីហោដ៏ល្បីល្បាញសម្រាប់ការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ចិន-កម្ពុជា ដែលរៀបចំបង្កើតដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ ចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន។
គម្រោងនេះត្រូវបានប្រារព្ធដោយជោគជ័យ នៅក្នុងខេត្តសៀមរាប នាឆ្នាំ ២០២៤ ហើយជាសមិទ្ធផលដ៏សំខាន់គួរឱ្យកត់សម្គាល់នៃ កម្មវិធី “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិន-កម្ពុជា” ឆ្នាំ២០២៥។ ថ្ងៃនេះ ច្រករបៀងវប្បធម៌ កម្ពុជា-ចិន បានចូលដល់រាជធានីភ្នំពេញ ដោយផ្តល់ជូនមិត្តកម្ពុជានូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប និងបង្កើតជាវេទិកាដ៏មានសារប្រយោជន៍ សម្រាប់ប្រជាជនទាំងពីរឱ្យស្គាល់គ្នា រាប់អានគ្នា និងរឹតចំណងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា ចិនបន្តជាអមតៈ។