លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប ÷ កម្លាំងគណៈបញ្ជាការឯកភាពខេត្តសៀមរាបមានចំនួនជាង ២៨០០នាក់ បានទទួលផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកម្លាំងនៃស្នងការស្នងការដ្ឋាននគរបាលខេត្តសៀមរាប ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ។
ក្នុងឱកាសដឹកនាំកម្លាំងតាមគោលដៅ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជូនដល់គណៈប្រតិភូដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ លោកឧត្ដមសេនីយ៍ទោ ហួត សុធី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តសៀមរាបមានចំនួនជាង ២៨០០នាក់ បានទទួលផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ។
លោកស្នងការ បានលើកទឹកចិត្ត និងកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារជំនាញ រក្សាសន្តិសុខ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេសសម្រួលចរាចរណ៍តាមគោលដៅដែលគណៈប្រតិភូធ្វើដំណើរតាំងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ រហូតដល់ទីតាំងកិច្ចប្រជុំ និងទីតាំងស្នាក់នៅ ធ្វើយ៉ាងណាត្រូវអនុវត្តឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ។