លោក Dato Khairul Hamed នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanahស្វែងយល់ពីវិនិយោគនៅកម្ពុជាលើវិស័យសុខាភិបាលរួមនឹងការវិនិយោគជាច្រើនផ្សេងទៀត
រាជធានីភ្នំពេញ៖ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ÷បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanahបានមាន ប្រសាសន៍បែបនេះនៅក្នុងគ្រាដែល លោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងសុខាភិបាល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ÷បានសម្ដែងនូវការស្វាគមន៍ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ស្វែងយល់ និងស្នើ សុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជនវិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។លោកនាយក ក្រុមហ៊ុនបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំ ចង្អុលបង្ហាញនិងតម្រង់ទិសក្រុមហ៊ុនឱ្យទទួលបាននូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕