លោក Donald Trump បញ្ជាក់ថាលោកនឹងពិចារណាកាត់បន្ថយពន្ធរបស់ចិន!  ប្រសិនបើចិនយល់ព្រមលក់បណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកឲ្យមកខ្លួន 

ប្រធានាធិបតីអាមេរិកទី៤៧ លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថាលោកនឹងពិចារណាកាត់បន្ថយពន្ធលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំងយល់ព្រមលើការលក់ប្រតិបត្តិការនៃវេទិកាបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មានពីការិយាល័យ Oval Office លោក Trump បាននិយាយបញ្ជាក់ថាការដោះដូរគ្នា នេះអ្នកទាំងអស់គ្នាអាចស្តាប់ទៅដូចជាអ្វីមួយដែលខ្ញុំត្រូវតែធ្វើ ។ ការអត្ថាធិប្បាយបែបនេះរបស់លោកប្រធានាធិបតីបានធ្វើឡើងគឺមិនតិចជាងពីរសប្តាហ៍ មុនពេលថ្ងៃផុតកំណត់អំឡុងខែមេសាដែលតម្រូវឱ្យក្រុមហ៊ុនមេមួយនេះ ដែលមានមូលដ្ឋាននៅប្រទេសចិនគឺ TikTok ByteDance ដកខ្លួនចេញ ឬប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិកនោះទេ។ សំណួរអំពីជោគវាសនានៃកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម Tik Tok បានបន្តអូសបន្លាយ ចាប់តាំងពីមានច្បាប់តម្រូវឱ្យដកខ្លួនរបស់ ByteDance ចូលជាធរមានកាលពីថ្ងៃទី១៩ខែមករាមកម៉្លេះ។ បន្ទាប់ពីចូលកាន់តំណែង ជាប្រធានាធិបតី លោក Trump បានចុះហត្ថលេខា ឬ ចេញបញ្ជារនានាហាក់ដូចជាការសងសឹកដល់ក្រុមហ៊ុន TikTok ដែលគិតមកដល់ពេលនេះគឺមានរយៈពេល ៧៥ថ្ងៃមកហើយ បន្ទាប់ពីលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលពន្យារពេលឲ្យមានអនុវត្តលក្ខន្តិកៈរហូតដល់ថ្ងៃទី៥ខែមេសាឆ្នាំ២០២៥។ លោក Trump បានបញ្ជាក់ម្តងហើយ ម្តងទៀតថា កាលបរិច្ឆេទកំណត់នៅលើកិច្ចព្រមព្រៀងជាមួយ TikTok អាចត្រូវបានបន្តប្រសិនបើចាំបាច់ ក្នុងករណីដែលប្រទេសចិនយល់ព្រមជាមួយនឹងសំណើររបស់លោក។ កាលពីមុនលោកក៏ធ្លាប់ស្នើលក្ខខណ្ឌចាំបាច់ដែលសហរដ្ឋអាមេរិកនឹងមានភាគហ៊ុន ៥០% ក្នុងការបណ្តាក់ទុនរួមគ្នាជាមួយនឹងវេទិកាយក្សមួយនេះដែរ គ្រាន់តែរដ្ឋាភិបាលរបស់លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទនៃកិច្ចព្រមព្រៀងនោះទេ៕ 

សម្រួលអត្ថបទ៖​សុផារិន្ទ