លោក Donald Trump អញ្ជើញទស្សនាមជ្ឈមណ្ឌលសិល្បៈ John F. Kennedy ដើម្បីរៀបចំពិធីជួបជុំ និង ពង្រឹងស្ថាប័នសិល្បៈថ្នាក់ជាតិនេះឡើងវិញ

លោកប្រធានាធិបតី Donald Trump បានទៅទស្សនាមជ្ឈមណ្ឌល John F. Kennedy ជាទីតាំងសម្រាប់សម្តែងសិល្បៈថ្នាក់ជាតិរបស់អាម៉េរិក និងជាទីតាំងដែលរូបលោកបានធ្វើទស្សនកិច្ច និងត្រូវធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួនដែរ។ វាជាលើកទីមួយហើយសម្រាប់លោក Trump មកកាន់ទីនេះ ចាប់តាំងពីរូបលោកឡើងកាន់អំណាចក្នុងអាណត្តិទី២ជាប្រធានាធិបតីអាម៉េរិក។ លោក Trump ធ្លាប់បានបណ្តេញក្រុមប្រឹក្សាភិបាលអាណត្តិមុនពីក្នុងមជ្ឈមណ្ឌល Kennedy នេះចេញដែរ ដោយលោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ ពួកគេមិនដែលចែករំលែកចក្ខុវិស័យរបស់អាម៉េរិកសម្រាប់យុគសម័យមាសនៅក្នុងមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌នេះឡើយ។ លោកបានដាក់ជំនួសពួកគេវិញដោយអ្នកស្មោះត្រង់នឹងអាម៉េរិក ស្រលាញ់លើកស្ទួយវប្បធម៌អាម៉េរិក រួមទាំងប្រធានធនធានមនុស្សដែរ គឺលោកស្រី Susie Wiles ព្រមទាំងអគ្គមេធាវី Pam Bondi និងលោកស្រី Usha Vance ដែលជាភរិយារបស់លោកអនុប្រធានាធិបតីអាម៉េរិក JD-Vance បច្ចុប្បន្នឲ្យធ្វើជាប្រធាននៅទីនេះដែរ។ សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីសាធារណរដ្ឋរូបនេះធ្លាប់បានត្អូញត្អែរថាមជ្ឈមណ្ឌល Kennedy ដែលត្រូវបានគេស្គាល់ថាជាទីតាំងសម្រាប់ការប្រារព្ធពិធីប្រចាំឆ្នាំរបស់ខ្លួនសម្រាប់សិល្បករអាម៉េរិកមិនគួរក្លាយទៅជាទីតាំងសេរីបែបនេះពេកទេ! ពួកគេមានការផ្អើលជាមួយនឹងកម្មវិធីដែលបានដាក់ចេញ។ ប៉ុន្តែសម្រាប់លោក Trump វិញបានសង្កត់ធ្ងន់ថាបុគ្គលិកធ្វើការនៅទីនេះ គឺជាដើមចមធ្វើឲ្យខូចទ្រង់ទ្រាយវប្បធម៌ដើមរបស់អាម៉េរិក”។ លោក Trump ក៏បានពិភាក្សាអំពីផែនការដើម្បី “កែលម្អមជ្ឈមណ្ឌល Kennedy នេះឲ្យកាន់តែល្អជាងមុន” ដោយលោកបញ្ជាក់ថា ៖ យើងនឹងមានការសម្ដែងដ៏ល្អអស្ចារ្យជាច្រើន ក្នុងនោះក៏នឹងមានរឿង Broadway ដ៏ល្បីល្បាញរបស់អាម៉េរិកដែរ។ លើសពីនេះពីមជ្ឈមណ្ឌល Kennedy លោក Trump បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋការរបស់លោកនឹងចេញផ្សាយឯកសារចំនួន៨០.០០០ សន្លឹកនៅថ្ងៃអង្គារនេះ ទោះបីជាវាមិនទាន់ច្បាស់ថាតើវាមានប៉ុន្មានឯកសារក្នុងចំណោមឯកសាររាប់លានសន្លឹកដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយក្តី ប៉ុន្តែលោក Trump បន្ថែមថា៖ យើងពិតមានឯកសារបញ្ជាក់ជាក្រដាសយ៉ាងច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់៕
សម្រួលអត្ថបទ៖ សុផារិន្ទ