លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៃទីក្រុងហ្សឺណែវ និងសហការី បានជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅបន្ទប់បូកគោនៃសណ្ឋាគាសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលសៀមរាប អង្គរ ស្តីពី ពិភពលោកគ្មានមីន
លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៃទីក្រុងហ្សឺណែវ និងសហការី បានជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅបន្ទប់បូកគោនៃសណ្ឋាគាសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលសៀមរាប អង្គរ ស្តីពី ពិភពលោកគ្មានមីន។
ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការជាមួយ ICRC ជាថ្មីឡើងវិញក្រោយឆ្នាំ១៩៧៩ និងការគាំទ្រសកម្មភាពរបស់កាកបាទក្រហមកម្ពុជា លើការងារច្បាប់មនុស្សធម៌អន្តរជាតិ ការស្តារទំនាក់ទំនងគ្រួសារ ការផ្តល់ប្រាក់កម្ចី និងការអប់រំផ្សព្វផ្សាយអំពីការយល់ដឹងអំពីមីន។ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាដល់សមាគមន៍អតីតយុទ្ធជនកម្ពុជា បានសាងសងផ្ទះ៦២៨ខ្នង និងប្រាក់កម្ចី១០០លានរៀល ជូនគ្រួសារអតីតយុទ្ធជន គ្រួសារក្រីក្រ និងជនមានពិការភាព នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ ការយល់ដឹងអំពីមីន បានបញ្ជ្រៀបនៅគ្រប់កម្មវិធីរបស់កាកបាទក្រហមកម្ពុជា។
លោក Gilles Carbonnier បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមអនុវត្ត អនុសញ្ញាអូតាវ៉ា យ៉ាងសកម្ម និងខ្ជាប់ខ្ជួន។ លោក Gilles Carbonnier បានសំណូមពរកាកបាទក្រហមកម្ពុជា បន្តរក្សាសកម្មភាពឈានមុខគេ នូវសកម្មភាពអប់រំផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីមីន ដោយស្របតាមទិសស្លោករបស់កិច្ចប្រជុំកំពូល សៀមរាប អង្គរ ស្តីពីពិភពលោកគ្មានមីន៕