លោក Wang Yi សម្ដែងក្តីព្រួយបារម្ភពីស្ថានការណ៍នៅស៊ីរី និងបានបញ្ចេញយោបល់ជាលើកដំបូងថា «អនាគតរបស់ស៊ីរី គួរទុកឲ្យប្រជាជនស៊ីរីខ្លួនឯងជាអ្នកសម្រេចជាជាងការលូកដៃរបស់អន្តរជាតិ »
រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា អនាគតរបស់ស៊ីរីគួរតែត្រូវបានសម្រេចដោយប្រជាជនរបស់ស៊ីរីខ្លួនឯង ហើយលោកវ៉ាងក៏បានជំរុញឱ្យចាប់ផ្តើមដំណើរការនយោបាយរួមបញ្ចូលគ្នាក្នុងប្រទេសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Wang Yi បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ ជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty ។ ហើយនេះជាការលើកឡើងដំបូងដែរ របស់លោក Wang ពាក់ពន្ធនឹងបញ្ហានៅក្នុងប្រទេសស៊ីរី ចាប់តាំងពីស្ថានភាពបានធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ប្រធានាធិបតីស៊ីរីជាង១ទសវត្សរ៍លោក Bashar Assad កាលពីចុងសប្តាហ៍មុន។ លោក Wang បាននិយាយថា ប្រទេសចិន និងអេហ្ស៊ីបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅស៊ីរី ហើយលោកបានសង្កត់ធ្ងន់ថា ភេរវករ និងកងកម្លាំងជ្រុលនិយមគួរតែត្រូវបានរារាំងមិនឱ្យបង្កើតភាពចលាចលនៅក្នុងតំបន់នោះទេ។ ចំណែកប្រទេសផ្សេងទៀតគួរតែគោរពស្វ័យភាពរបស់ស៊ីរីដែរ។ លើសពីនេះលោកបញ្ជាក់ថាសហគមន៍អន្តរជាតិគួរតែការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរីខ្លួនឯង គោរពប្រពៃណីជាតិសាសន៍ និងសាសនារបស់ប្រជាជនស៊ីរី និងអនុញ្ញាតឱ្យប្រជាជនស៊ីរីខ្លួនឯងមានឱកាសធ្វើការសម្រេចចិត្តដោយខ្លួនឯង”។ ដោយមិនបញ្ចេញឈ្មោះប្រទេសជាក់លាក់លោក Wang បាននិយាយថាមជ្ឈិមបូព៌ាគឺជា “ជនរងគ្រោះនៃល្បែងមហាអំណាច” ជាយូរមកហើយ ដោយលោកក៏ធ្លាប់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិគោរពអធិបតេយ្យភាពនៃប្រទេសក្នុងតំបន់ដែរ។ ចំណែកប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះកាន់តែសកម្មនៅតំបន់មជ្ឈិមបូព៌ាមានទាំងកិច្ចការងារកាទូត ហើយចិនក៏បានដាក់ខ្លួនជាអ្នកសម្រុះសម្រួលក្នុងតំបន់ទាំងនោះដែរ៕
សម្រួលអត្ថបទ៖សុផារិន្ទ