វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំណល់ឆ្លងរោគ

ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា÷ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានផ្តល់សេវាថែទាំ ពិនិត្យព្យាបាលជំងឺឱ្យពួកគាត់ចេះ ធ្វើការបែងចែក ការប្រមូល ការធ្វើប្រព្រឹត្តកម្ម និងការចោល ឬដុតចោលចុងក្រោយឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ និងប្រកាន់យកនូវការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តដោយប្រើ 5S ដែលជាវិធីសាស្រ្តពីប្រទេសជប៉ុន ដោយផ្តោតលើប្រសិទ្ធភាព និងការលុបបំបាត់សំណល់៖ តម្រៀប កំណត់ ចាត់ចែង ធ្វើស្តង់ដា និងនិរន្តរភាព។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល យ៉ាងដូច្នេះនៅឱកាសចូលរួមជាគណៈអធិបតីក្នុងពិធីបើកនិងបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នោះ។ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់បន្ថែមថា    ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្របានត្រឹមត្រូវ រួមចំណែកសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយការចម្លងរោគ និងគ្រោះថ្នាក់សុខភាពដល់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសាររួមទាំងប្រជាជនទូទៅ និងមានបរិស្ថានល្អស្អាត។ ឯកឧត្តមសាស្ត្រាចារ្យ ថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ដែលបានជួយដល់វិស័យសុខាភិបាល ជាពិសេសភាគីជប៉ុនដែលបានផ្តល់នូវចំណេះដឹង និងបច្ចេកវិទ្យាទំនើបសម្រាប់ប្រព្រឹត្តិកម្មសំណល់ឆ្លងនៅកម្ពុជា។វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យ និងបង្រៀនដោយអ្នកជំនាញជប៉ុនពីអង្គការ JICA និងមានសិក្ខាកាមចូលរួមមានពីមន្ត្រីនាយកដ្ឋានមន្ទីរពេទ្យចំនួន ៩នាក់ និងចំនួន២៣នាក់មកពីបណ្តាខេត្តចំនួន១០ ជាខេត្តគោលដៅដែលនឹងកំពុងតម្លើងឡដុតសំណល់វេជ្ជសាស្ត្រចំនួន ២៩គ្រឿងរបស់ប្រទេសជប៉ុន៕