វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ បានបញ្ចប់ដោយជោគជ័យ

សហព័ន្ធកីឡាគុនដាវកម្ពុជា ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ បានរៀបចំ វគ្គបណ្តុះបណ្តាល គ្រូបង្វឹក កីឡាគុនដាវ កម្រិត ១ ប្រចាំឆ្នាំ២០២៤ ដោយមាន សិក្ខាកាម តំណាងក្លឹបគុនដាវ ទាំង៨ រាជធានី ខេត្ត និងលោកគ្រូបង្វឹក សញ្ជាតិជប៉ុន លោក Takashi Kuwahata ជាអ្នកដឹកនាំវគ្គ ដោយផ្ទាល់។

  វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា អ៊ុក សារ៉ែន អនុប្រធាន សហព័ន្ធកីឡាគុនដាវកម្ពុជា និងលោកបណ្ឌិត អ៊ុក ឌីរ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។ 

លោកឧកញ៉ា អ៊ុក សារ៉ែន បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ កម្រិត១ នេះ ត្រូវបានបង្កើតឡើង ស្របតាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល៖ “ប្រជាពលរដ្ឋម្នាក់លេងកីឡា មួយប្រភេទប្រចាំជីវីត” និងផែនការ មេរបស់សហព័ន្ធកីឡាគុនដាវ ៖ “បង្កើនការចូលរួម”។ ហើយវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវ នេះ ត្រូវបានតាក់តែងមេរៀន ក្នុងកម្រិត មូលដ្ឋាន ស្របតាមលក្ខខណ្ឌ និងកម្រិតជំនាញរបស់គោលដៅសិក្ខាកាម។ 

លោកឧកញ៉ា អនុប្រធាន សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ចាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ ត្រូវបានបែងចែកជា៖ កម្រិត ១៖ មូលដ្ឋានគ្រឹះនៃកីឡាគុនដាវ និងការចាប់ផ្តើមហ្វឹកហាត់ កម្រិត ២៖ ផែនការហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួត កម្រិត ៣៖ ការរៀបចំការប្រកួត និងការជួសជុលសម្ភារៈ និងឧបករណ៍គុនដាវ កម្រិត ៤៖ អាជ្ញាកណ្តាលកីឡាគុនដាវ ។

ក្រៅពីវគ្គបណ្តុះបណ្តាលថ្នាក់ជាតិនេះ សិក្ខាកាមទាំងអស់ ក៏មានឱកាស ទៅចូលរួម វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិត អាស៊ី និងអន្តរជាតិផងដែរ។ ក្នុង១ ឆ្នាំ យើងមានវគ្គបណ្តុះបណ្តាល គ្រូបង្វឹក ដែលរៀបចំដោយ៖ សហព័ន្ធកីឡាគុនដាវអន្តរជាតិ ចំនួន ៣ដង សហព័ន្ធកីឡាគុនដាវអាស៊ី ចំនួន ៣ដង សាមគ្គីអូឡាំពិក ចំនួន ២ដង ។

លោកឧកញ៉ា អ៊ុក សារ៉ែន អនុប្រធាន សហព័ន្ធកីឡាគុនដាវកម្ពុជា ក្នុងនាមសហព័ន្ធកីឡាគុនដាវកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកា គាំទ្រប្រចាំឆ្នាំដល់សហព័ន្ធបន្តការអភិវឌ្ឍ និងនិរន្តរភាពរបស់ខ្លួន។ និងបានថ្លែងអំណរគុណ ដល់លោកគ្រូ Takashi Kuwahata ដែលបានចំណាយ ពេលវេលា ដ៏មានតម្លៃ មកចែករំលែកចំណេះដឹង និងបទពិសោធដល់សិក្ខាកាម ។ ហើយក៏ ថ្លៃអំណរគុណ ដល់សិក្ខាកាម តំណាងក្លឹប/សមាគមន៍គុនដាវ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹង ត្រែង ក្រុមប្រឹក្សាកីឡា នៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលបានបញ្ជូនគ្រូបង្វឹក និងគ្រូជំនួយចូលរួមវគ្គ នេះផងដែរ ៕