វេទិការវិនិយោគក្នុងខេត្តព្រះសីហនុ ធ្វើ ឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដល់វិនិយោគគិន
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញបើកវេទិកាវិនិយោគខេត្តព្រះសីហនុ នៅសណ្ឋាគារ ឆ្នេរសុខា ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ វិនិយោគិនបរទេស និងក្នុងស្រុក និងវិស័យឯកជន។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងវេទិកាវិនិយោគនៅខេត្តព្រះសីហនុ ដែលមានមកពីប្រទេសចិន ប្រទេសកូរ៉េ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ ដែលជាតំបន់ ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាឱកាសដ៏វិសេសវិសាលនេះ។ វេទិកានេះ ក្នុងគោល បំណងបង្ហាញដល់វិនិយោគិន ដែលកំពុងវិនិយោគ និងវិនិយោគិនថ្មីៗទៀត ដែលចាប់អារម្មណ៍មកវិនិយោគក្នុងខេត្តព្រះសីហនុ លើសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដាក់ចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ វេទិកាវិនិ យោគនៅខេត្តព្រះសីហនុ នាពេលនេះ នឹងដើរតួជាវេទិកាសម្រាប់ការសន្ទនា និងការផ្លាស់ប្តូរចំណេះដឹង ដែលអនុញ្ញាតឱ្យវិនិយោគិនបង្ហាញពីគុណសម្បត្តិ និងអត្ថប្រយោជន៍ពិសេសនៃការវិនិយោគក្នុងខេត្ត រួមគ្នាស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយបញ្ហាប្រឈមនានាកំពុងជួបប្រទះ និងចាប់យកឱកាសល្អថ្មីៗបន្ថែមទៀត។
ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផលក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្ត ទទួល បានសំណើសុំលើកទឹកចិត្តចំនួន ២១៦គ ម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២១៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦ពាន់លានដុល្លារ (៦.០២៦.០០០.០០០ដុល្លារ)។ ជាមួយគ្នានេះអនុគណៈកម្មាធិការវិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន១០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៤លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន ៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧លានដុល្លារអាមេរិក)។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ អគុណលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ និងដៃគូពាក់ព័ន្ធ បានចូលរួមសហការរៀបចំវេទិការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញសកម្ម ភាពសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុតាមរយៈការជំរុញវិនិយោគ ការអភិវឌ្ឋឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នូវវិធានការ និងយន្តការមានលក្ខណ:ជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ គឺជាឱកាសមានតម្លៃសម្រាប់ស្វែងយល់ពីសក្តានុពលវិនិយោគក្នុងខេត្តព្រះសីហនុ ចក្ខុវិស័យរាជរដ្ឋាភិបាល ក្នុងការកែប្រែក្លាយខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលវិនិយោគ និងអភិវឌ្ឍដ៏រស់រវើកក្នុងក្រខណ្ឌអាស៊ាន ខេត្តព្រះសីហនុមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជឿនលឿន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងវិនិយោគ។ វេទិការនេះ ចែករំលែកនិងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍ពិសេសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យយុទ្ធសាស្ត្រ សំខាន់ៗសម្រាប់របៀវារ:នៃ វេទិការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្តោតលើ វិស័យចំនួន៥ ១.ការផលិត ២.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៣.ភស្តុភារកម្ម និន្នាការកែច្នៃម្ហូបអាហារ ៤.ហិរញ្ញវត្ថុធនាគារ និងអចលនទ្រព្យ និង៥.កសិកម្ម និងការកែច្នៃម្ហូបអាហារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា វេទិការនេះបានផ្តល់កាលានុវត្តភាពពិសេសជូនដល់វិនិយោគគិន ដែលមានការចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យចំនួន៥ តាមរយៈការស្វែងយល់ពីក្រុមហ៊ុនសំខាន់ៗដែលបាននឹងកំពុងវិនិយោគ និងប្រកបអាជីវកម្មដោយផ្ទាល់ ព្រមទាំងបានការទទួលឱ្យទៅទស្សនកិច្ចសិក្សានៅទីតាំងផ្ទាល់ថែមទៀតផង ខ្ញុំសូមលើកទឹកចិត្តឱ្យលោក លោកស្រី និងអ្នកវិនិយោគទាញយកអត្ថប្រយោជន៍ក្នុងការបង្កើតទំនាក់ទំនង ដើម្បីស្វែងទាញយកឱកាសពីសក្តានុពល នៃខេត្តព្រះសីហនុ តាមលទ្ធភាពជាក់ស្តែង៕