សង្កាត់ចំនួន៣ នៃក្រុងកំពង់សោម ទទួលបានផ្លូវបេតុង ៣ខ្សែ ដែលជាសមិទ្ធផលថ្មីរបស់បងប្អូនប្រជាពលរដ្ឋ!

ព្រឹកថ្ងៃទី៩ មីនា ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគម្រោងហេដ្ឋា រចនាសម្ព័ន្ធ ប្រើប្រាស់អភិវឌ្ឍន៍ថវិកាខេត្តឆ្នាំ២០២៤ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលទើបសាងសង់ថ្មី ស្ថិត នៅសង្កាត់រាម សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

គម្រោងអភិវឌ្ឍខេត្ត ឆ្នាំ២០២៤ មានដូចជា៖

១.ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៥៩០ម៉ែត្រ ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម 

២.ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៧៧៧ម៉ែត្រ ស្ថិតនៅភូមិទឹកចេញ សង្កាត់បឹងតាព្រហ្ម 

៣.ជួសជុលផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៦០ ម៉ែត្រ ស្ថិតនៅភូមិស្រែក្នុង សង្កាត់អូរជ្រៅ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ ដោយភាពស្និតស្នាលនិងបានសំណូមពរបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសាងខាងផ្លូវបេតុងសូមជួយថែរក្សា ការពារខ្សែផ្លូវក្នុងភូមិរបស់យើងឱ្យបានល្អ ព្រោះខ្សែផ្លូវបេតុងទាំងនេះ នឹងជួយសម្រួលដល់ការដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារបានងាយស្រួល ជាពិសេសគឺជួយសម្រួលដល់កូនចៅប្រជាពលរដ្ឋធ្វើដំណើរទៅកាន់សាលារៀនបានកាន់តែងាយស្រួល ហើយគឺជាសមិទ្ធផលថ្មីមួយ ទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទីលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

 ដោយឡែកប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត លោកអភិបាលក្រុង និងអាជ្ញាធរដែលបានយល់ពីសុខទុក្ខរបស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានធ្វើការអភិវឌ្ឍប្រែក្លាយពីផ្លូវក្រាលក្រួសក្រហម ផ្លូវដីមកជាផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានកាន់តែងាយ ស្រួល និងកាត់បន្ថយការចំណាយពេលវេលាបានច្រើនថែមទៀតផង។