លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លើកឡើងថា ដោយបានទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ី តាមរយៈ ការអប់រំ ផ្សព្វផ្សាយ បង្កើតកម្មវិធីចែករំលែកពីទ្រឹស្តីនិងអនុវត្តដោយផ្ទាល់លើការការពារបរិស្ថាន ជីវចម្រុះ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង និង អនាម័យសាធារណ:។ ដោយឡែកឆ្នាំនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានរៀបចំកម្មវិធីនៃការយល់ដឹងពីអរិយធម៌អេកូឡូស៊ី នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ សមាគមក៏បានបញ្ជ្រាបពីអរិយធម៌អេកូឡូស៊ីនេះដោយបានបញ្ចូលពីគំនិតនវានុវត្តនៃការអភិវឌ្ឍបៃតងតាមរយៈបទបង្ហាញស្តីពីរថយន្តអគ្គិសនីBYDបន្ថែមពីលើសកម្មភាពបរិស្ថាននានាដែលបានរៀបរាប់ខាងលើផងដែរ។
លោក ង៉ូវរីន ហាប៉ូនីកា អភិបាលរងស្រុកជើងព្រៃ និងជាអតីតនាយកវិទ្យាល័យ ហ៊ុនសែន ស្គន់ បានជម្រាបថា តាមរយៈបទបង្ហាញនាថ្ងៃនេះ គណៈគ្រប់គ្រង សិស្សានុសិស្ស និងអាណាព្យាបាលបានយល់កាន់តែច្រើនពីកិច្ចការពារបរិស្ថាន និងសមិទ្ធផលជាច្រើនដែលប្រទេសចិនសម្រេចបានក្រោមស្លាកនៃទិវាជាតិអរិយធម៌អេកូឡូស៊ី។ លោកក៏បានសាទរនឹងផលិតផលរថយន្តអគ្គិសនីBYDដែលបានលក់ក្នុងបរិមាណដ៏ច្រើនលើសលុប ជួយយ៉ាងច្រើនដល់ចំណែកនៃកិច្ចបង្កើនសម្រស់បៃតងភាពដល់ផែនដីដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា។
លោក លីវ វិនជឺ (Liu Wenzhi) ប្រធានការិយាល័យមូលនិធិចិន PEACELAND ប្រចាំកម្ពុជា ដែលបានផ្តល់ដបទឹកអ៊ីណុកចំនួន២០រួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាល័យ។
លោក លីវ ចានគ័រ (Liu Zhanguo) ប្រធានការិយាល័យមូលនិធិចិនដេីម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា បានថ្លែងថា កិច្ចកសាងសហគមន៍រួមជីវិតនៅក្នុងអរិយធម៌ចិនមានអាយុកាលជាង២៧០០ឆ្នាំ ដោយបានលើកកម្ពស់ការថែរក្សាបរិស្ថានដូចជាការថែរក្សាកែវនេត្រារបស់ខ្លួន។ លោកក៏បានរំលេចថា ការផ្សារភ្ជាប់ជាមួយបរិស្ថានក្នុងពេលបុណ្យឆេងម៉េង បានក្លាយជាចលករដល់ក្រុមការងារមកដាំដើមផ្ការំដួលនៅក្នុងវិទ្យាល័យនេះ ហើយលោកបានបញ្ជាក់ថា ដើមផ្ការំដួលមិនត្រឹមតំណាងផ្កាជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង អាចស្រូបកាបូនឌីអុកស៊ីតបាន២១គីឡូក្រាមក្នុងមួយឆ្នាំទៀតផង។ លោកសង្ឃឹមថា ដើមផ្ការរំដួលនាថ្ងៃនេះ ប្រាកដជាចាក់ឫសយ៉ាងជ្រៅ និងរឹងមាំដូចការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា។
ក្រោយពីស្តាប់បទបង្ហាញនេះ អង្គពិធីទាំងមូលយល់ស្របគ្នាថា ប្រជាជនចិនបានរួមចំណែកដល់កិច្ចបង្កើនអរិយធម៌អេកូឡូស៊ីប្រៀបដូចជាការថែរក្សាកែវនេត្រាទាំងគូរបស់ខ្លួនដូច្នោះដែរ៕