សង្រ្គាន្តរៀបចំឡើង ដើម្បីបណ្ដុះគំនិតយុវជន សិស្ស-និស្សិត ឲ្យចូលរួមលើកកម្ពស់មោទនភាព និងសេចក្តីស្រឡាញ់ ថែរក្សាវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបង្កើតបរិយាកាសសប្បាយរីករាយ ជួបជុំគ្នា បង្កើនមិត្តភាព សាមគ្គីភាព រវាងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិត

នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ សិស្ស-និស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរួមគ្នារៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កើតភាពសប្បាយរីករាយដល់ សិស្ស-និស្សិត និងមានលេងល្បែងប្រជាប្រិយ ឲ្យចេះសាមគ្គីគ្នា ។
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា ដោយសារប្រទេសជាតិ មានសុខសន្ដិភាពពេញលេញ ទើបបានផ្ដល់ឱកាស ឱ្យប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ នៅក្នុងប្រទេសកម្ពុជា រៀបចំសង្ក្រាន្តនេះឡើង ដើម្បីអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលបុព្វបុរសដូនតាបានបន្សល់ទុកតរៀងទៅ។
ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបន្តទៀតថា វិទ្យាស្ថានខ្មែរជំនាន់ថ្មី រៀបចំសង្ក្រាន្តនេះ ក៏បានបង្ហាញពីភាពរួបរួមសាមគ្គីគ្នា រវាងសាស្ដ្រាចារ្យបុគ្គលិក លោកគ្រូអ្នកគ្រូ និស្សិត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ,ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន គឺដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ និងចេះលេងល្បែងប្រជាប្រិយខ្មែរ។
ក្នុងឪកាសនោះដែរ និស្សិតដែលបានចូលរួម ក៍បានលើកឡើងស្រដៀងគ្នាថា ការរៀបចំឱ្យមានសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយខ្មែរនេះ គឺដើម្បីឱ្យសិស្សានុសិស្សបានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ។ ក្រៅពីនេះ ដើម្បីឱ្យសិស្សានុសិស្ស ចេះមានទំនាក់ទំនងសាមគ្គីគ្នាល្អនឹងល្អ ពិសេសបានយល់ដឹងពីតម្លៃសន្តិភាព ទើបនិស្សិតទំាងអស់មានភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រង បុគ្គលិក រួមទាំងលោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ សិស្ស-និស្សិត តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យកសិរីសួរស្ដីនៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្ស៉ាញ់ សប្តស័ក ព.ស 2569ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។