សណ្ឋាគារ Shangri-La Phnom Penh ដែលមានកម្ពស់ដល់ទៅ២២៨ម៉ែត្រ ចាប់ផ្ដើមបើកដំណើរការហេីយ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនទេសចរណ៍ និងធុរៈកិច្ចនៃរាជធានីភ្នំពេញ
សណ្ឋាគារ Shangri-La Phnom Penh ដែលមានកម្ពស់ដល់ទៅ២២៨ម៉ែត្រ ចាប់ផ្ដើមបើកដំណើរការហេីយ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនទេសចរណ៍ និងធុរៈកិច្ចនៃរាជធានីភ្នំពេញ។ ការសម្ភោធដំណេីរការសាកល្បងរបស់សណ្ឋាគារ Shangri-La Phnom Penh ត្រូវបានធ្វេីឡេីង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អ្នកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុនWorldbridge International Group លោក ឈីងជាតក្វោង ប្រធានប្រតិបត្តិ និងនាយកប្រតិបត្តិក្រុមហ៊ុន OxleyGroup កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមន រាធានីភ្នំពេញ ។
សណ្ឋាគារថ្មី Shangri-La Phnom Penh នឹងដាក់សម្ពោធស្វាគមន៍ភ្ញៀវជាផ្លូវការចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងបដិសណ្ឋារកិច្ចបែបអាស៊ី ជាមួយនឹងបន្ទប់ទទួលភ្ញៀវ និងជម្រើសទទួលទានអាហារជាច្រើនមុខ។
សណ្ឋាគារ Shangri-La Phnom Penh នេះស្ថិតនៅតំបន់កោះពេជ្រដែលជាតំបន់មានសក្តានុពល មានភាពរស់រវើក ហើយជាផ្នែកមួយនៃសំណង់ស្ថាបត្យកម្មដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញនិងនៅក្នុងចង្កោមសំណង់អគារបីជាប់គ្នា ជាមួយនឹងកម្ពស់កប់ពពកដល់ទៅ២២៨ ម៉ែត្រ។ សណ្ឋាគារនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនទេសចរណ៍ និងធុរៈកិច្ចនៃរាជធានីភ្នំពេញ ដោយបង្កើនការទាក់ទាញពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកជំនួញក្នុងស្រុកផងដែរ។ សោភ័ណភាពនៃការរចនាផ្ទៃក្នុងរបស់សណ្ឋាគារនេះ មានការលាយបញ្ចូលនៃសិល្បៈជាច្រើន ដូចជាក្បាច់ Art Deco ក្បាច់ Neo-Classical និងក្បាច់វប្បធម៍ខ្មែរ និងរក្សាទុកនូវរចនាបថអត្តសញ្ញាណ Shangri-La និងបែបបេតិកភណ្ឌអាស៊ី។ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់ទាំង៣០៣ នឹងរីករាយជាមួយទេសភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបាននៃចំណុចប្រសព្វរវាងទន្លេសាប និងទន្លេបាសាក់ ដែលជាផ្នែកនៃទន្លេមេគង្គ។ ការរចនាបន្ទប់នីមួយៗផ្ដោតលើ ក្បាច់រចនាផ្តល់អារម្មណ៍កក់ក្តៅ ការប្រើថ្មធម្មជាតិ និងពន្លឺថ្ងៃធម្មជាតិជាមួយបង្អួចដ៏ធំមានកម្ពស់ចាប់ពីរនាបរហូតដល់ដំបូលដើម្បីផ្តល់នូវផាសុកភាពជូនភ្ញៀវនៅគ្រប់ជ្រុងនៃបន្ទប់ស្នាក់នៅក្នុងការសម្រាកលំហែរកាយនៅសណ្ឋាគារ Shangri-La Phnom Penh។
ភ្ញៀវក៏នឹងទទួលបានបទពិសោធន៍ទទួលទានអាហារនៅសណ្ឋាគារ Shangri-La Phnom Penh ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌក្នុងស្រុកដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាមួយនឹងគ្រឿងផ្សំស្រស់ៗក្នុងស្រុក។ ភោជនីយដ្ឋាន Kommune Dining & Social Space នឹងផ្តល់ជូនភ្ញៀវនូវឱកាសសាកល្បងរសជាតិម្ហូបអាហារខ្មែរពិតៗ ជាមួយនឹងមុខម្ហូបដែលមានប្រជាប្រិយភាពដូចជា ឡុកឡក់សាច់គោ និងអាម៉ុកត្រី ដើម្បីជួយដល់សេដ្ឋកិច្ចកសិកម្មក្នុងស្រុក ថែមទាំងផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារនៅភោជនីយដ្ឋានដ៏សម្បូរបែប។ សណ្ឋាគារ Shangri-La Phnom Penh ក៏មានផ្ដល់ជម្រើសអាហារក្នុងស្រុកជាច្រើនមុខ នេះបញ្ចាក់ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាលើផ្នែកអាហារផងដែរ។
សណ្ឋាគារ Shangri-La Phnom Penh ក៏មានបំពាក់ដោយគ្រឿងបរិក្ខារជាច្រើនដើម្បីបំពេញតម្រូវការជូនភ្ញៀវមិនថាជារូបភាពដំណើរបែបកម្សាន្ត ឬជំនួញ។ សណ្ឋាគារនេះត្រូវបានរំពឹងទុកថានឹងក្លាយជាទីកន្លែងដ៏ស័ក្តិសមមួយសម្រាប់ព្រឹត្តិការណ៍សំខាន់ៗដូចជា សន្និសីទ និងការជួបជុំសង្គម ដែលនឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ភ្ញៀវក៏ទទួលបានការសម្រាកលំហែកាយ និងមានផាសុកភាពខ្ពស់ជាមួយអាងហែលទឹក និងស្ប៉ា។
លោក អូឌី អូដាយ៉ាផាន នាយកគ្រប់គ្រងទូទៅ Shangri-La Phnom Penh បានថ្លែងថា៖ Shangri-La Phnom Penh គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការលាយបញ្ចូលគ្នានូវភាពទាន់សម័យជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា៕