សភាកូរ៉េអនុម័តច្បាប់ពិសេសស៊ើបអង្កេតលើប្រធានាធិបតីកូរ៉េខាងត្បូង! ខណៈមន្រ្តីជាន់ខ្ពស់៨នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធថាបានជម្រុញលោក Yoon ឲ្យប្រើច្បាប់អាជ្ញាសឹកមិនធ្លាប់មានជាង៤០ឆ្នាំមកនេះ

សភារបស់ប្រទេសកូរ៉េខាងត្បូងកាលពីរសៀលថ្ងៃអង្គារនេះបានអនុម័តសំណើមួយដើម្បីតែងតាំងទីប្រឹក្សាពិសេសឯករាជ្យមួយដើម្បីស៊ើបអង្កេតលើរូបលោកប្រធានាធិបតី Yoon Suk Yeol និងមន្ត្រីរដ្ឋាភិបាលកំពូលមួយចំនួនដែលពាក់ព័ន្ធជុំវិញការដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសកាលពីថ្ងៃអង្គារដើមខែធ្នូនេះ។ ចលនាដែលដាក់ដោយគណបក្សប្រឆាំងធំគឺបង្ហាញថាគណបក្សប្រជាធិបតេយ្យត្រូវបានអនុម័តដោយសំឡេង២១០ទល់នឹង៦៣សម្លេងនិងអនុប្បវាទ១៤សម្លេង។ សមាជិកសភាក៏បានអនុម័តច្បាប់ទាមទារឱ្យចាប់ខ្លួនលោក ប្រធានាធិបតី Yoon និងមន្ត្រីរបស់លោកជាបន្ទាន់ដែរជុំវិញសេចក្តីប្រកាសនេះ។ សូមបញ្ជាក់ថាការប្រកាសច្បាប់អាជ្ញាសឹកនេះគឺជាលើកទីមួយហើយក្រោយពីខកខានក្នុងរយៈពេលជាង៤០ឆ្នាំ ហើយវាមានរយៈពេលប្រហែលជាត្រឹម៦ម៉ោងប៉ុណ្ណោះ ប៉ុន្តែវាបានបន្សលនិងបង្កឱ្យមានភ្លើងក្នុងចិត្តចំពោះប្រជាជនក្នុងក្រុង និងសកម្មភាពតវ៉ាតាមដងផ្លូវធំៗដែរ ក្នុងទីក្រុងសេអ៊ូល។ លោក Yoon និងសហការីរបស់លោកពេលនេះប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងការប៉ុនប៉ងបទចោទប្រកាន់ក្បត់ជាតិ។ ក្រសួងយុត្តិធម៌កូរ៉េបានប្រកាសហាមឃាត់លោក Yoon និងមនុស្ស៨នាក់ផ្សេងទៀតមិនឱ្យចាកចេញពីប្រទេសកូរ៉េឡើង អំឡុងពេលស៊ើបអង្កេតនេះ ខណៈដែលអាជ្ញាធរមើលឃើញថាពួកគេជាជនសង្ស័យសំខាន់នៅក្នុងសំណុំរឿងផ្តល់យោបល់ឲ្យប្រើច្បាប់អាជ្ញាសឹក។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីកូរ៉េជាតំណែងដ៏ខ្ពស់ត្រូវគេហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅដែរ។ ចំណែកតុលាការកណ្តាលក្រុងសេអ៊ូលវិញបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបាននឹងកំពុងពិនិត្យមើលអំពីសំណើរបស់ព្រះរាជអាជ្ញាសម្រាប់ដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េម្នាក់ទៀតដែរដែលមានឈ្មោះថា Kim Yong Hyun ដែលត្រូវគេចោទប្រកាន់ពីបទណែនាំឲ្យលោកប្រធានាធិបតីប្រើប្រាស់ច្បាប់អាជ្ញាសឹក និងបានចូលដៃចូលជើងបញ្ជូនកងទ័ព កម្លាំងយោធាទៅកាន់វិមានរដ្ឋសភាដើម្បីរារាំងសមាជិកសភាមិនឱ្យបោះឆ្នោតទម្លាក់ច្បាប់នេះវិញ។ លោក Kim ត្រូវបានគេឃុំខ្លួនតាំងពីថ្ងៃអាទិត្យមក ប៉ុន្តែប្រសិនបើមានដីកាចាប់ខ្លួនលោកពិតប្រាកដមែន នោះលោកនឹងក្លាយជារដ្ឋមន្រ្តីក្រសួងការពារដំបូងគេក្នុងប្រវត្តិសាស្រ្តកូរ៉េដែលត្រូវប៉ូលីសចាប់ខ្លួនលើករណីនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ