សភាកូរ៉េអនុម័តច្បាប់ឲ្យមានការស៊ើបអង្កេតពីក្រុមទីប្រឹក្សាពិសេសលើរូបប្រធានាធិបតី Yoon Suk Yeol ក្រោយលោកបដិសេធថាច្បាប់អាជ្ញាសឹកដែលលោកប្រើគឺជាអភិបាលកិច្ចមិនមែនទង្វើបះបោរនោះទេ!

កាលពីថ្ងៃព្រហស្បតិ៍សភាកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយដើម្បីណែនាំអ្នកប្រឹក្សាឯករាជ្យមួយបើកការស៊ើបអង្កេតលើរូបលោកប្រធានាធិបតី Yoon Suk Yeol ពីបទចោទប្រកាន់ក្នុងចេតនាបះបោរ។ សេចក្តីព្រាងច្បាប់ ដែលនឹងត្រូវការការយល់ព្រមពីប្រធានាធិបតី ត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៩៥ ទល់និង ៨៦ សំឡេងប្រឆាំង។ ចំណែកសភាកាលពីថ្ងៃអង្គារបានអនុម័តសំណើស្រដៀងគ្នានេះដែរដើម្បីណែនាំឲ្យមានក្រុមទីប្រឹក្សាពិសេសមួយដើម្បីស៊ើបអង្កេតលើរូបលោក Yoon ដែលមិនត្រូវការការយល់ព្រមពីរូបលោកឡើយ។ វាកើតឡើងនៅពេលដែលលោក Yoon បានការពារក្រឹត្យច្បាប់អាជ្ញាសឹករបស់លោកថាជាទង្វើនៃអភិបាលកិច្ច និងបានបដិសេធការចោទប្រកាន់លោកជាទង្វើបះបោរ ដោយលោកក៏បានប្រកាសប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថានឹង “តស៊ូដល់ទីបញ្ចប់” ដើម្បីប្រឈមមុខនឹងការប៉ុនប៉ងចោទប្រកាន់នានាមកលើលោកនិងបង្កើនការស៊ើបអង្កេតលើវិធានការណ៍យ៉ាងខ្លាំងកាលពីសប្តាហ៍មុននោះ។ ការប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី ៣ ខែធ្នូ របស់លោក Yoon បានបង្កើតភាពវឹកវរផ្នែកនយោបាយ និងសកម្មភាពតវ៉ាដ៏ធំដែលទាមទារឱ្យសមាជិកសភានិងប្រជាជនក្នុងប្រទេសសម្រេចបណ្តេញរូបលោកចេញពីតំណែង។ អនុក្រឹត្យនេះបានធ្វើឱ្យក្រុមទាហានប្រដាប់អាវុធរាប់រយនាក់ឡើងមកឡោមព័ទ្ធវិមានសភា និងវាយឆ្មក់ក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត ទោះបីជាមិនមានអំពើហិង្សា ឬរបួសធ្ងន់ធ្ងរកើតឡើងក៏ដោយ។ ច្បាប់អាជ្ញាសឹកមានរយៈពេលត្រឹមតែ៦ម៉ោងប៉ុណ្ណោះ ខណៈដែលលោក Yoon ត្រូវបានបង្ខំឱ្យដកវាចេញ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទទម្លាក់ច្បាប់នេះវិញ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក Yoon បានកើតឡើងប៉ុន្មានម៉ោងមុនពេលគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់ដាក់ញត្តិចោទប្រកាន់ថ្មីដើម្បីប្រឆាំងនឹងរូបលោក Yoon សម្រាប់ការបោះឆ្នោតមួយជាន់ទៀតនៅចុងសប្តាហ៍នេះ។ សភាកាលពីរសៀលថ្ងៃព្រហស្បតិ៍នោះក៏បានអនុម័តសំណើចោទប្រកាន់មេប៉ូលិសជាតិម្នាក់ឈ្មោះ Cho Ji Ho និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Park Sung Jae ដោយព្យួរពួកគេពីតួនាទីផ្លូវការជុំវិញការអនុវត្តច្បាប់អាជ្ញាសឹកជាមួយលោកប្រធានាធិបតី។ លោក Yoon បាននិយាយថា ច្បាប់អាជ្ញាសឹកគឺជាសកម្មភាពនៃអភិបាលកិច្ច ដែលមិនអាចជាកម្មវត្ថុនៃការស៊ើបអង្កេត វាមិនស្មើនឹងចលនាបះបោរទេ។ លោកបន្ថែមទៀតថា ការដាក់ពង្រាយទាហានជិត ៣០០នាក់ទៅកាន់រដ្ឋសភា គឺធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់ប៉ុណ្ណោះ មិនមែនទៅវាយបំបាក់ជើងពួកគេឯណា។ ប៉ុន្តែភ្លាមៗនោះ គណបក្សប្រជាធិបតេយ្យបានច្រានចោលសេចក្តីថ្លែងការណ៍របស់លោក Yoon យ៉ាងឆាប់រហ័សនិងបន្តចោទថាជា “ការបង្ហាញនៃការយល់ច្រឡំយ៉ាងខ្លាំងក្នុងប្រទេស” និង ” មានចេតនាប្រកាសសង្រ្គាមប្រឆាំងនឹងប្រជាជនខ្លួនឯង” ៕

សម្រួលអត្ថបទ៖សុផារិន្ទ