សភាពាណិជ្ជកម្មកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជាមួយ សភាពាណិជ្ជកម្មហុងកុង

នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ប្រធានគណៈកម្មាធិការអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុងក្នុងអំឡុងពេលបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។ ទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងរួមគ្នារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងហុងកុង។ ។ គណៈប្រតិភូហុងកុង ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមានមកពីវិស័យ៖ ពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និងទេសចរណ៍។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចហុងកុងនាពេលនេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងហុងកុងនិងកម្ពុជា។ អ្នកឧកញ៉ាប្រធាន គូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងហុងកុង និង បានជំរុញលើកទឹកចិត្ត 

វិនិយោគិនចិនហុងកុង ទាញយកប្រយោជន៍ពីជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗរួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ 

ឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់អំពីគោលនយោបាយលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន និង ទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជា។

លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan Saiful Alam) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចហុងកុង និង បានជួយសម្របសម្រួលកិច្ចប្រជុំជាមួយក្រសួងស្ថាប័ននានា សម្រាប់គណៈប្រតិភូធុរកចិ្ចហុងកុងដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងហុងកុង លើគ្រប់វិស័យ ពិសេស ទេសចរណ៍ ថាមពល ពាណិជ្ជកម្ម និងវិនិយោគ។ គណៈប្រតិភូធុរកិច្ចហុងកុង មានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកកាលានុវត្តភាព និង ដៃគូសហការជាមួយធុរកិច្ចកម្ពុជា។ លោក សង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មហុងកុង នឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការកំណត់និងអភិវឌ្ឍន៍គម្រោងរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ សភាពាណិជ្ជកម្មហុងកុង គឺជាសភាពាណិជ្ជកម្មដ៏ចំណាស់ជាងគេមួយ និងមានសមាជិកច្រើនជាងគេនៅហុងកុង រាប់បញ្ចូលទាំង 

សហគ្រាសធុនតូចនិងមធ្យម សាជីវកម្មពហុជាតិ និង ក្រុមហ៊ុនភាគច្រើនដែលចុះបញ្ជីនៅទីផ្សារមូលបត្រហុងកុង។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ តាមរយៈការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូ

ធុរកិច្ចហុងកុង បានជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ និង សមាគមពាណិជ្ជកម្មនានា ដើម្បីសិក្សាស្វែងយល់ពី កាលានុវត្តភាព គោលនយោបាយលើកទឹកចិត្តការវិនិយោគ និង បទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។