សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា អមដោយពិព័រណ៍ពាណិជ្ជកម្ម ជីអេស ១៨៨៤ ដោយមានការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី ដើម្បីជំរុញផលិតផល និងពង្រឹងទីផ្សារ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា អមដោយពិព័រណ៍ពាណិជ្ជកម្ម ជីអេស ១៨៨៤ ដោយមានការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី ដើម្បីជំរុញផលិតផល និងពង្រឹងទីផ្សារ

ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលា អមដោយពិព័រណ៍ពាណិជ្ជកម្ម ជីអេស ១ ៨៨៤ ជាលើកដំបូង ក្នុងគោលបំណងបង្ហាញពីផលិតផលខ្មែរ សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារអន្តរជាតិ ពិសេសបច្ចេកវិទ្យាសម្រាប់ជំរុញអោយផលិតកម្ម និងការដឹកជញ្ជូន ឈានទៅរកប្រសិទ្ធិភាពខ្ពស់ក្នុងការអភិវឌ្ឍន៍ផលិតផលកម្ពុជាអោយកាន់តែមានគុណភាព សុវត្ថិភាព តម្លៃល្អ និងស្តង់ដារ ដើម្បីជំរុញទីផ្សារផលិតខ្មែរ ទៅលើទីផ្សារ តាមរយៈ ម៉ាកយីហោ និងភាពត្រឹមត្រូវ នៃស្តង់ដារបារកូដ។ នេះបានតាមការឲ្យដឹងពី ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្លែងក្នុងពិធីបើកសិក្ខាសាលា ព្រមទាំងមានការចូលរួមពី តំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគម ផលិតករ អាជីវករ សហគ្រិន សិស្ស-និសិ្សត។

 ឧកញ៉ា ងួន ម៉េងតិច បន្តទៀតថា អត្ថប្រយោជន៍នៃការប្រើប្រាស់ បារកូដ គឺមានប្រសិទ្ធភាពក្នុងការបង្ហាញពីប្រភពដើមនៃផលិតផល និងកាត់បន្ថយកំហុសឆ្គង ហានិភ័យ អាចចំណេញពេលវេលា ក្នុងសង្វាក់ផលិតកម្ម និងលើកកម្ពស់ផលិតផលឲ្យមានការទទួលស្គាល់ជាលក្ខណៈស្តង់ដារ។ ជាពិសេសងាយស្រួលក្នុងការគ្រប់គ្រងស្តុក ងាយស្រួលចរាចរ និងចែកចាយផលិតផលនៅលើផ្សារទំនើប និងទីផ្សារនាំចេញទៅទីផ្សារអន្តរជាតិ និងអាចបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននិងក្រុមហ៊ុន និងបទដា្ឋនតែមួយចំពោះដៃគូរពាណិជ្ជកម្មទាំងអស់ក្នុងសកលលោក ។

តាមរយះសិក្ខាសាលានេះ បានលើកឡើង ប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ដើម្បីជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា និងបង្កើនចំណេះដឹង អំពីការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម។ ជាពិសេស បានផ្តល់ចំណេះដឹងពីការទទួលបានការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រងសម្រាប់សហគ្រាស ក្នុងន័យជំរុញការតភ្ជាប់ទំនាក់ទំនង និងពង្រីកភាពជាដៃគូរពាណិជ្ជកម្មក្នុងវិស័យឯកជន។ អ្វីដែលសំខាន់ជាងនេះ ផ្តល់ឱកាស ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការស្វែងរកទីផ្សារផលិតផល ទាំងក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជា សំដៅស្វែងរកអ្នកវិនិយោគ ព្រមទាំងដៃគូសហការ ដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យឈានដល់ ស្តង់ដារអន្តរជាតិ ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារផងដែរ។ 

 ឧកញ៉ា បានបញ្ជាក់ដែរថា ស្ថាប័ន ជីអេស១កម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ បានទទួលអាជ្ញាប័ណ្ណពី ជីអេស១អន្តរជាតិ នៅក្នុងឆ្នាំ២០០៣ និងជាសមាជិកទី១០០ នៃសមាជិកទាំង១១៨ប្រទេសដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងព្រុចស៊ែល ប្រទេសបេស្សិក។ ជីអេស១កម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាប័នតែមួយគត់ ដែលមានសិទ្ធិក្នុងការគ្រប់គ្រង បែងចែកលេខបារកូដ នៅកម្ពុជា។

សូមបញ្ជាក់ដែរថា ពិព័រណ៍ពាណិជ្ជកម្មនេះធ្វើនៅទីតាំង The Factory Phnom Penh មានរយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាពីម៉ោង ៩:ព្រឹក រហូតដល់៩យប់ ដែលអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមដោយសេរី មានទស្សនីយភាពចម្រុះ ការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី កម្មវិធីកម្សាន្តសប្បាយៗ និងមានម្ហូបអាហារច្រើនសម្បូរបែប សក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ មកលេងកម្សាន្ត។