សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន (Canton) រៀបចំសន្និសីទផ្សាព្វផ្សាយ ស្តីពី ពិព័រណ៍ផលិតផលនាំចេញ នាំចូលប្រទេសចិន លើកទី១៣៧ នៅកម្ពុជា
នេះជាលើកទី១៣៧ហើយ ដែលសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន រៀបចំសន្និសីទផ្សាព្វផ្សាយ ស្តីពី ពិព័រណ៍ផលិតផលនាំចេញ នាំចូលប្រទេសចិន ដើម្បីផ្តល់ឪកាសដ៏ល្អឥតខ្ចោះ សម្រាប់ធុរជន មកពីគ្រប់ទិសទីលើពិភពលោក បានភ្ជាប់ទំនាក់ទំនង សហការ និងស្វែងរកផ្លូវថ្មីៗ សម្រាប់ការរីកចម្រើន នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងគិត អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
នៅក្នុងសន្និសីទផ្សាព្វផ្សាយ ស្តីពី ពិព័រណ៍ផលិតផលនាំចេញ នាំចូលប្រទេសចិន លើកទី១៣៧នេះដែរ ក៏មានការចូលរួម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ឧកញ៉ា ងួន ម៉េងគិត អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី Zhong Jie កុងស៊ុលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា, លោក Su Bin អនុប្រធានក្រុមហ៊ុន China Foreign Trade Centre Group រួមទាំងម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម ឧកញ៉ា បន្តទៀតថា សន្និសីតផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ឲ្យម្ចាស់ក្រុមហ៊ុននៅកម្ពុជាយើង អាចទទួលបានព័ត៍មានពេញលេញ អំពីអ្នករៀបចំពិព័រណ៍ដោយផ្ទាល់ និងអាចសាកសួរលម្អិតទៅលើផលិតផល ក៏ដូចជា សេវាកម្មផ្សេងៗ នៃពិព័រណ៍នាំចេញ នាំចូលប្រទេសចិន។ ការចូលរួមរបស់កម្ពុជា ក្នុងវេទិកាពាណិជ្ជកម្មអន្តរជាតិលំដាប់ពិភពលោក ពិតជាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជជាមួយប្រទេសចិន ដោយអនុញាតឲ្យធុរជនកម្ពុជា បង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេ ទោកាន់ទីផ្សារពិភពលោក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តម ឧកញ៉ា បន្ថែមទៀតថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា នឹងជួយសម្របសម្រួល ជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន ក្នុងការជំរុញឲ្យក្រុមហ៊ុនសហគ្រាស នៃប្រទេសទាំង២ បានជួបពិភាក្សាគ្នា ជាពិសេស សម្រាប់ធុរជនប្រទេសទាំង២ ក៏ទទួលបានអត្ថប្រយោជន៍ពីក្របខណ្ឌកិច្ចប្រតិបត្តិការផ្សេងទៀត ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។
លោក ស៊ូ ពីន ក៏បានឲ្យដឹងដែរថា វេទិកាសម្រាប់ធុរកិច្ចក្រៅប្រទេស តាមរយះពិព័រណ៍ Canton Fair ត្រូវបានជាប់ចំណាត់ថ្នាក់ ពិព័រណ៍លេខ១ ប្រចាំប្រទេសចិន ដែលបច្ចុប្បន្ន ពិព័រណ៍ Canton Fair គីជាព្រឹត្តិការធុរកិច្ចអន្តរជាតិ ដែលមានពហុបំណងរបស់ប្រទេសចិន ជាពិសេស នឹងអាចទាក់ទាញសហគ្រាសក្រៅប្រទេសចំនួនជាង ១មុឺន៨ពាន់ មកពីជាង១១០ប្រទេស និងតំបន់ចូលរួម។ ក្នុងនោះ ក៏មានសហគ្រាសកម្ពុជាចំនួន២ ចូលរួមពិព័រណ៍នេះផងដែរ។
សូមបញ្ជាក់ថា ពិធីសម្ពោធពិព័រណ៍ Canton Fair លើកទិ១៣៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៅក្រុងក្វាងចូវ ប្រទេសចិន ដោយប្រព្រឹត្តិឡើងដោយផ្ទាល់ (offline) និងអនឡាញ (online) ក្នុងពេលតែមួយផងដែរ។