សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) កោតសរសើរចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យ ធនាគារនៅកម្ពុជា 

សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ Unleashing AI-First Banking (Unified Platform for Driving Digital Tranformation) ដោយបានសហការជាមួយក្រុមហ៊ុន Newgen Software និង Trempplin។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ធនាគារជាតិនៃកម្ពុជា សហគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

វិស័យឧស្សាហកម្មធនាគារនាពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយប្រើប្រាស់នូវ បច្ចេកវិទ្យាទំនើបជាច្រើន ដូចជាបញ្ញាសិប្បនិម្មិតជំនាន់ថ្មី និងភ្នាក់ងារបញ្ញាសិប្បនិម្មិត ដើម្បីបម្រើដល់ ផលប្រយោជន៍អតិថិជនបានកាន់តែល្អប្រសើរ។ 

ព្រឹត្តិការណ៍នាឱកាសនេះ បានប្រមូលផ្តុំទៅដោយអ្នកដឹកនាំក្នុងឧស្សាហកម្ម អ្នកជំនាញធនាគារ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើអោយ បទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង, សម្រួលប្រតិបត្តិការ និងធានាបាននូវការអនុលោមតាម ច្បាប់ ព្រមទាំងបានស្វែងរកប្រព័ន្ធអេកូធនាគារ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ការប្រើប្រាស់ កម្មវិធីកូដ និងការរៀនពីម៉ាស៊ីន (ML) ជាដើម។

លោក Babulal Parihar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា បានថ្លែងថា អស់រយៈពេលមួយ ទសវត្សរ៍កន្លងមកនេះ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា មានការផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធ ឌីជីថល ដែលជំរុញឲ្យមានការបង្កើនការប្រើប្រាស់ស្មាតហ្វូន ការច្នៃប្រឌិតបច្ចេកវិទ្យា Fintech និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។

លោកប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា បានបន្តថា វិស័យសំខាន់ៗដែលឃើញថា មានការ ផ្លាស់ប្តូរនៅក្នុងវិស័យធនាគារ មានដូចជាការកើនឡើងនៃធនាគារឌីជីថល និងការទូទាត់ប្រាក់ តាមរយៈការប្រើប្រាស់ទូរស័ព្ទសម្រាប់ការគ្រប់គ្រងគណនី ផ្ទេរប្រាក់ និងការទូទាត់វិក្កយបត្រ ការទូទាត់ប្រាក់តាមរយៈ QR Code ដោយប្រើប្រាស់ប្រព័ន្ធបាគង (ប្រព័ន្ធទូទាត់ឌីជីថលរបស់ ធនាគារជាតិ) ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ព្រមទាំងការរីកចម្រើននៃក្រុមហ៊ុន fintech ដែលសហការជាមួយធនាគារប្រពៃណី ដើម្បីផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល ពិន្ទុឥណទានផ្អែកលើ បញ្ញាសិប្បនិម្មិត AI និងការផ្ទេរប្រាក់ភ្លាមៗជាដើម។

ព្រឹត្តិការណ៍នេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ដូចជាការស្វែងយល់ពីអ្នកដឹកនាំ ឧស្សាហកម្មនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ, ទទួលបានបទពិសោធន៍ដោយផ្ទាល់ ពីសមត្ថភាពរបស់ NewgenONE ដែលជាវេទិកាផ្លាស់ប្តូរឌីជីថលបង្រួបបង្រួមដែលអនុញ្ញាតដោយ AI របស់ក្រុមហ៊ុន Newgen និង មានឱកាសភ្ជាប់ទំនាក់ទំនងជាមួយនាយកប្រតិបត្តិកំពូល ដើម្បីជំរុញទំនាក់ទំនងឱ្យមានកិច្ចសហការនាពេលអនាគត៕