សមាគមសល្យសាស្ត្រកម្ពុជាបើកសន្និសីទប្រចាំឆ្នាំលើកទី២៩ក្រោមប្រធានបទ” នវានុវត្តន៍នៃបច្ចេកទេសវះកាត់ក្នុងយុគ្គសមយ័ថ្មី”
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបើកសន្និសីទ សមាគមសល្យសាស្រ្តកម្ពុជា ប្រចាំឆ្នាំកាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា÷ ឯកឧត្តមពិតជាមានមោទភាពណាស់ចំពោះការរីកចំរើនជាបន្តបន្ទាប់របស់សមាគមយើង។ផ្តើមចេញពីសមាគមសល្យសាស្ត្រកម្ពុជាដែលបង្កើតឡើងកាលពីឆ្នាំ១៩៩៥បច្ចុប្បន្នបានអភិវឌ្ឍន៍ជាសមាគមឯកទេសជាច្រើននាពេល បច្ចុប្បន្ននេះមានដូចជាសមាគមសល្យសាស្ត្រកុមារកម្ពុជាសមាគមវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ សមាគមវះកាត់ប្រព័ន្ធប្រសាទ និងសមាគមសោភ័ណ្ឌសល្យសាស្ត្រ។ល។ ចំណុចខ្លាំងនៅត្រង់យើងទាំងអស់គ្នារក្សាបានសាមគ្គីភាពក្នុងកិច្ចសហការរៀបចំសន្និសិទ្ធប្រចាំឆ្នាំរួមយ៉ាងជោគជ័យជារៀងរហូតមក។ ដោយឡែកឆ្នាំនេះតាមរយៈកម្មវិធីវិទ្យាសាស្ត្រ ឯកឧត្តមសង្កេតឃើញថាមានបទបង្ហាញស្តីអំពីការរិះរករោគវិនិច្ឆ័យនិងការព្យាបាលជំងឺដោយការវះកាត់ជាច្រើននឹងត្រូវលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នារវាងគ្រូពេទ្យជំនាញឯកទេសជាតិនិងអន្តរជាតិជាច្រើនរូបដែលអញ្ជើញមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ថៃ ម៉ាឡេស៊ី និង ជប៉ុន។
ឯកឧត្តមសង្ឃឹមថាសមាជិកសមាជិកានៃអង្គសន្និសិទ្ធទាំងអស់នឹងខិតខំពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីបង្កើននូវ ចំណេះដឹងនិងបទពិសោធន៏ថ្មីៗជាច្រើនបន្ថែមទៀតដែលជាគុណប្រយោជន៌សំរាប់បង្កើនគុណភាពសេវាព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ ឡឹម តារា បានបន្ថែមសង្កេតធ្ងន់ថា ប្រធានបទ «នវានុវត្តន៍នៃបច្ចេកទេសវះកាត់ក្នុងយុគ្គសមយ័ថ្មី» គឺពិតជាឆ្លើយតបទៅនឹងគោលនយោបាយកំណែទំរង់សុខាភិបាលដែលផ្តោតសំខាន់លើការបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាពសុវត្ថិភាពនិងសមធម៌ដោយក្នុងនោះយុទ្ធសាស្រ្តគន្លឹះប្រាំបួនចំណុចត្រូវបានប្រកាសដាក់ចេញតាំងតែពីថ្ងៃដំបូងនៃអាណត្តិរាជរដ្ឋាភិបាលទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សាស្ត្រាចារ្យ សូមថ្លែងអំណរគុណចំពោះភាគីមិត្តបារាំងដែលបានជួយទាំងការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបា លនិងការគាំទ្រសហការក្នុងការរៀបចំសន្និសីទធវិទ្យាសាស្ត្រវេជ្ជសាស្ត្រនានា ជារៀងរហូតមកនិងនៅតែបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជាបន្ថែមទៀតជាសាក្ខីភាពដែលឯកឧត្តមប្រធានាធិបតីបារាំងMacronបានលើកឡើងក្នុងព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនានរោត្តមសីហមុនីថា នឹងនៅតែបន្តគាំទ្រជួយវិស័យសុខាភិបាលនៅកម្ពុជាតាមរយះការជួយការបណ្តុះបណ្តាលធនធានមនុស្សការវះកាត់ពីចំងាយ និងបញ្ញាសប្បនិម្មិតAI”ដល់វិស័យសុខាភិបាលនៃយើង៕