សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវចុះកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៤-២០២៩

ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធ អតីតយុទ្ធជនឡាវសម្រាប់ឆ្នាំ២០២៤-២០២៩ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និត ជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ សាមគ្គីជាធ្លុងមួយ សម្រេចបានសមិទ្ធផលថ្មីៗទៀតលើ

វិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងបន្តសកម្មភាពឱ្យកាន់តែផុសផុលថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុជាតិ និងប្រជាជនឱ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សមាគមអតីតយុទ្ធជនប្រទេសទាំងពីរបានធ្វើការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិ

បត្តិការជាមួយគ្នានៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល រវាងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សាយ៉ាឡាត ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ។

ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា កាលពីដើមខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ហើយតាមរយៈការជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរដ្ឋាភិបាលទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងជិតស្និទថែមទៀត។ ដូចនេះ ការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវនាពេលនេះ ពិតជាធ្វើឡើងស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ។

ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សាយ៉ាឡាត បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអតីតយុទ្ធជនឡាវ និងសមាគមអតីតយុទ្ធជនកម្ពុជានាពេលនេះនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីអ្នកជិតខាងល្អ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងប្រទេសទាំងពីរ៕