សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងទទួលរថយន្តសង្រ្គោះចំនួន១គ្រឿង ជាអំណោយរបស់ឯកឧត្តម យឹម លាង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅប៉ុស្ដិ៍សុខភាព
សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈ ធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យយាងទទួលរថយន្តសង្រ្គោះចំនួន១គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម យឹម លាង អគ្គស្នងការរងនគបាលជាតិ តាមរយៈឯកឧត្តម ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការងនគបាលជាតិ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងព្រះនាមជាព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជឱង្ការថ្លែងអំណរអរគុណដល់ឯកឧត្តម យឹម លាង តាមរយៈឯកឧត្តម ចេង ហុង ដែលបានថ្វាយរថយន្តសង្គ្រោះនេះសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ដោយព្យាបាលមិនគិតថ្លៃ។
សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ទទួលបានការប្រោសព្រះរាជទានព្រះបរមនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជកិច្ចដឹកនាំស្ថាបនិកដោយផ្ទាល់ពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយព្រះរាជហឬទ័យមេត្តា សតិ បញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕