សម្ដេចមហាមន្ត្រី គុយ សុផល ដឹកនាំកិច្ចប្រជុំជុំវិញការត្រៀមលក្ខណៈរៀបចំមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មាបកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានរយៈពេល ៣ (បី)ថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិកជាងរាល់ឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា ព្រមទាំង មានការរៀបចំមិទ្ទិញមហាជន នៅមុខព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។ 

ជាកិច្ចចាប់ផ្តើម សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ដែលបានចូលរួមប្រជុំតាមការអញ្ជើញ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានលើកយកការងារចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបាន សមស្របទាំងរូបភាពចាត់តាំង និងខ្លឹមសារនៃការរៀបចំមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង តាមគោលការណ៍កំណត់ សំដៅធ្វើយ៉ាងណាឲ្យព្រះរាជពិធីប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេណីដ៏ថ្កើងថ្កានបំផុត។ 

បន្ទាប់ពី សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ក្នុងកិច្ចប្រជុំរួចមក ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើង ចំពោះកិច្ចការងារ និងកាលបរិច្ឆេទនៃការប្រារព្ធព្រះរាជពិធីបុណ្យ ចំពោះកិច្ចការងារសំខាន់ៗក្នុងរយៈពេល ៣ ថ្ងៃនេះ សម្រាប់ថ្ងៃទី១ មានការរៀបចំព្រះរាជពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី២ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរនៅក្នុងព្រះបរមរាជវាំង ដោយឡែកនៅថ្ងៃទី៣ មានរៀបចំមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ក្នុងរយៈពេលបីថ្ងៃនេះក៏មានការអុជកាំជ្រួច ដើម្បីអបអរសាទរក្នុងព្រះរាជពិធីឲ្យកាន់តែមហោឡារិក និងអធិកអធមថែមទៀត។ 

មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា បានសំណូមពរដល់គ្រប់កងកម្លាំងតាមផែន មានផែនកងយោធពល ខេមរភូមិន្ទ ផែននគរបាលជាតិ ផែនសហភាពសហព័ន្ធយុវជនកម្ពុជា សម្ពន្ធយុវជនស្រឡាញ់សន្តិភាព កាយរឹទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញមកធ្វើការសាកល្បង នៅថ្ងៃបន្ទាប់ និងបានណែនាំឱ្យគ្រប់សមាជិក សមាជិកា អង្គប្រជុំទាំងអស់រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងអភិបាលរាជធានី បានជ្រាប និងអនុវត្តតាមស្មារតីនៃអង្គប្រជុំ ឱ្យសម្រេចបានលទ្ធផលល្អ ប្រសើរ។