សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្តល់អនុសាសន៍ចំនួន ៦ចំណុច សម្រាប់ពិភាក្សា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន”

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន” នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាអគាររដ្ឋបាលថ្មី នៃវិមានរដ្ឋសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍គន្លឹះចំនួន ៦ចំណុច ទៅកាន់វេទិកា សម្រាប់ពិភាក្សា ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងការពង្រឹងវិស័យសាធារណៈឱ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា និងព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលរាជធានី ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា។
អនុសាសន៍គន្លឹះចំនួន ៦ (ប្រាំមួយ)ចំណុច សម្រាប់ពិភាក្សា ក្នុងវេទិកានាថ្ងៃនេះ មានដូចខាងក្រោម៖
ទី១. ដំណើរការកំណែទម្រង់របស់យើង គឺដើម្បីបង្រួបបង្រួម និង លើកកម្ពស់សាមគ្គីភាព មិនមែនជាលេសសម្រាប់ការបំបែកបំបាក់ ឬ ការបែងចែកបក្សពួកនោះទេ។ ដូច្នេះ ការប្រកាន់យកគោលការណ៍ច្បាប់ គុណាធិបតេយ្យ ភាពត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងតម្លាភាព គឺជា មូលដ្ឋានគ្រឹះ នៃការធ្វើកំណែទម្រង់ដ៏ជោគជ័យ និងការកសាងបរិយាកាស ការងារពោរពេញដោយសាមគ្គីភាព និងភាពសុខដុមរមនា។ ក្នុងន័យនេះ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ មានកាតព្វកិច្ចដ៏សំខាន់ ក្នុងការប្រតិបត្តិការងារ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានជានិច្ច។
ទី២. ការពង្រឹងកំណែទម្រង់សេវាសាធារណៈ ត្រូវជំរុញការលើកកម្ពស់ គុណាធិបតេយ្យ យុត្តិធម៌ និងមានប្រព័ន្ធលើកទឹកចិត្ត ផ្អែកលើសមត្ថភាព និងសមិទ្ធកម្ម។ គោលដៅសំខាន់ គឺធានាថា គោលនយោបាយលើក ទឹកចិត្ត ត្រូវបានផ្តល់ជូនដល់បុគ្គលិក មន្ត្រីរាជការដែលខិតខំប្រឹងប្រែង និង
មានស្នាដៃល្អ តាមរយៈការជំរុញការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ពីប្រសិទ្ធភាពការងារ ក្នុងរដ្ឋបាលសាធារណៈជាប្រព័ន្ធ។ ក្នុងន័យនេះ មន្ត្រី រាជការត្រូវបានការពារដោយយុត្តិធម៌ ហើយអ្នកដែលមានសមត្ថភាព ទទួលបានការទទួលស្គាល់ និងមានការលើកទឹកចិត្តសមស្រប។
ទី៣. ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសការងារ ដែលកាន់តែមានភាព ស្មុគស្មាញ និងប្រឈមខ្លាំងនាពេលខាងមុខ យើងត្រូវតែជំរុញពិពិធភាព និងបរិយាបន្ន ក្នុងក្រសួង-ស្ថាប័ន ទាំងសមត្ថភាពជំនាញ បទពិសោធន៍ និង ទស្សនៈ និងធានានូវបរិយាកាសការងារមួយ មានថ្នាក់ដឹកនាំ និងមន្ត្រី មានឆន្ទៈពិតប្រាកដ ចិត្តមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញ តួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការស្វែងរក និង រក្សាមន្ត្រី ដែលមានជំនាញ និងសមត្ថភាពខ្ពស់ឱ្យចូលរួមបម្រើសេវា សាធារណៈ គឺជាអាទិភាពចំបង ដោយការធ្វើបែបនេះ ជាកត្តាចាំបាច់ ដើម្បីធានាថា វិស័យសាធារណៈសម្បូរទៅដោយជំនាញចម្រុះ ដែល ដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍជាតិឱ្យកាន់តែ ប្រសើរឡើង។
ទី៤. ការពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ត្រូវធ្វើ ឡើង តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយផ្តោតសំខាន់លើការលើកកម្ពស់ ភាពជាអ្នកដឹកនាំប្រកប ដោយភាពផ្លាស់ប្តូរ (Transformative Leadership) និងនវានុវត្តន៍ (Innovation)។ ការវិនិយោគធនធានបន្ថែមទៀត លើការបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំសម្រាប់មន្ត្រីរាជការ គឺជាកិច្ចការចាំបាច់ ដើម្បីបណ្តុះនូវ ផ្នត់គំនិតពង្រឹងសមត្ថភាពខ្លួនឯង (ឆន្ទៈ និងសមត្ថភាពក្នុងការរៀនសូត្រ) និងវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានា ព្រមទាំង ការពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់។
ទី៥. យើងត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បី ជំរុញទំនើបកម្មស្ថាប័នសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងសន្ទុះ ខ្លាំងថែមទៀត។ តាមរយៈការរួបរួមគ្នាទាំងចក្ខុវិស័យ ទស្សនៈ គោលដៅ និងគុណតម្លៃរួម ដោយឈរលើគោលការណ៍ជាមូលដ្ឋានច្បាស់លាស់ យើងទាំងអស់គ្នាអាចចូលរួមចំណែក ធ្វើឱ្យស្ថាប័នសាធារណៈមាន ភាពធន់ រឹងមាំ ហើយការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ថែមទៀត។
និងទី៦. ស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិ ត្រូវបន្តកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធ ដើម្បីធានានូវការអនុវត្តច្បាប់ យុទ្ធសាស្ត្រ និងគោលនយោបាយ ដោយប្រសិទ្ធភាព ក្នុងការធ្វើកំណែទម្រង់ និងជំរុញនវានុវត្តន៍ ក្នុងវិស័យ សាធារណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់ ប្រជាពលរដ្ឋ ដែលមានការកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕